ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ធ្នូនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះគឺគ្រាន់តែជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើន ដែលបានជួយជ្រោមជ្រែងពីប្រទេសចិន។ បើនិយាយពីជំនួយឥតសំណង់នេះគឺជាគម្រោងដ៏ធំជាងគេ ក្នុងចំណោមជំនួយឥតសំណង់របស់ចិនផ្តល់ឲ្យកម្ពុជា។
សម្តេច ហ៊ុន សែន ថ្លែងថា៖ យើងបានទទួលសមិទ្ធផលដ៏ធំនេះ ប៉ុន្តែខ្ញុំគិតថាអ្វីដែលធំជាងនឹងទៅទៀតនោះ ដែលមិនអាចវ៉ាស់ស្ទង់បាន គឺជម្រៅទឹកចិត្តដែលមេដឹកនាំចិន ប្រជាជនចិន បានផ្តល់សម្រាប់ប្រជាជនកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ដៃគូរបស់កម្ពុជាដែលបានផ្តល់ឲ្យនៅថ្ងៃនេះ មិនមែនកើតឡើងដោយចៃដន្យ ហើយខ្វះការទំនាក់ទំនងនោះទេ គឺកម្ពុជាបានខិតខំប្រឹងកសាងទំនាក់ទំនងរវាងកម្ពុជា-ចិន ដោយឈរលើការជឿទុកចិត្តគ្នា គោរពគ្នា សាមគ្គីភាពជាមួយគ្នា និងជំនឿទុកចិត្តខាងនយោបាយ ការគោរពនូវឯករាជ្យអធិបតេយ្យភាពទៅវិញទៅមក ដែលនេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតតាំងពីសម័យសង្គមរាស្រ្តនិយម រហូតមកដល់ពេលនេះ។
សម្តេចបញ្ជាក់បន្ថែមថា ដែលនេះហើយ ជាមូលដ្ឋានគ្រឹះដែលឈានទៅកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ខណៈឥឡូវនេះប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រសិទ្ធនាមថា ទំនាក់ទំនងមិត្តភាព គឺជាមិត្តភាពដែកថែប ដែលគ្មាននរណាបំបែកបាន។
គួររម្លឹកថា វិមានកីឡដ្ឋានសមិទ្ធផលជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា និងចិននេះ ត្រូវបានធ្វើពិធីប្រគល់ និងទទួលរវាងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកាន់កម្ពុជា។
វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។ ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ៕