លោក ថោង ខុន៖ ករណីមានហានិភ័យកើតឡើង ពហុកីឡដ្ឋានថ្មីនេះ អាចជម្លៀសមនុស្ស ៦ ម៉ឺននាក់ ប្រើពេល ៧នាទីប៉ុណ្ណ​ោះ

សង្គម​ និង​សេដ្ឋកិច្ច

 លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយនឹងជាប្រធានគណៈកម្មការបច្ចេកទេស សម្រាប់គម្រោងសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» បានថ្លែងថា វិមានកីឡដ្ឋាននេះ បានសាងសង់ឡើងក្នុងកម្រិតស្តង់ដាសុវត្ថិភាពខ្ពស់ ពោលគឺអាចជម្លៀសមនុស្ស ៦ ម៉ឺននាក់ ចេញពីវិមានកីឡដ្ឋាន ក្នុងករណីមានហានិភ័យកើតឡើងជាយថាហេតុ ដោយប្រើរយៈពេលតែ៧នាទីប៉ុណ្ណោះ ។ លោកថា វិមានកីឡដ្ឋាននេះ មានច្រកទ្វារចំនួន ៥៤សម្រាប់ចេញចូលទៅទស្សនាកីឡា មានបន្ទប់ទឹក ចំនួន៩៣ តំបន់ ស្មើនឹង ៨៦៣ បង្គន់អនាម័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការថ្លែងរបស់លោក ថោង ខុន ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ពហុកីឡដ្ឋានជាតិមរតកតជា» និងការរៀបថយ ៥០២ថ្ងៃ និងប្រកាសបើកយុទ្ធនាជាតិផ្សព្វផ្សាយ SEA GAMES-ASEAN PARA GAME ឆ្នាំ២០២៣ ក្រោមវត្តមានសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក វ៉ាង វិនធៀង អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែធ្នូនេះ។

May be an image of 12 people and people standing

បើតាមលោក ថោង ខុន ក្នុងទិដ្ឋភាពបច្ចេកទេស វិមានកីឡដ្ឋាន បានបំពាក់នូវបច្ចេកវិទ្យាថ្មីទំនើបចុងក្រោយ តាមស្តង់ដារ កីឡាអន្តរជាតិ ដែលអាចជួយអោយកម្ពុជាកាន់ តែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំព្រឹត្តិការណ៍កីឡា ក៏ដូចជាព្រឹត្តិការណ៍ទេសចរណ៍ ដែលមាន៖ ស្រ្គីន LED ចំនួន៤ (ខាងក្នុង៣ ខាងក្រៅ១) មានហាងលក់ទំនិញ, កន្លែងតាំងពិព័ណ៌, មានចំនួន៣៤បន្ទប់សណ្ឋាគារ និងមានបន្ទប់១៧ទៀត ជាលក្ខណៈ VIP សម្រាប់ទស្សនាកីឡា ។

May be an image of 8 people and stadium

ពហុកីឡដ្ឋាននេះ ត្រូវបានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបាន រហូតដល់ ៦ម៉ឺននាក់ ដែលទទួលគម្រោងសាងសង់ដោយក្រុមហ៊ុន China State Construction Engineering Co. Ltd ស្ថិតក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់ក្រសួងពាណិជ្ជកម្មចិន។ ការសាងសង់វិមានកីឡដ្ឋាននេះបានប្រើប្រាស់រយៈពេល៤៨ខែ គិតចាប់ពីថ្ងៃសាងសង់ រហូតដល់ពេលបិទបញ្ចប់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

May be an image of 5 people

ជាមួយគ្នានេះដែរ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងគូសបញ្ជាក់ថា ពហុកីឡដ្ឋានដ៏ធំមួយនេះ គឺជាសំណង់ធំជាងគេក្នុងចំណោមសំណង់នានា ក្នុងចំណោមជំនួសឥតសំណង់ដែលផ្តល់ឲ្យដោយរដ្ឋាភិបាលចិនមកឲ្យកម្ពុជា។

សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ទទួលបានថវិកាជាជំនួយឥតសំណង់សម្រាប់ការសាងសង់ពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ប្រមាណ១៦០លានដុល្លារ៕

May be an image of outdoors