លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ បានលើកឡើងថា បុគ្គលិក ដែលធ្វើការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍គឺបានទទួលប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗ ច្រើនជាងទីផ្សារ និងសហគ្រាសផ្សេងដែលប្រកបមុខរបរដូចគ្នានេះ។ លោកថា ក្នុងកាលៈទេសៈ ដែលវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងកាស៊ីណូកំពុងខិតខំទប់ខ្លួន និងរកវិធីស្តារសកម្មភាពឡើងវិញ ការយោគយល់ អធ្យាស្រ័យ និងតស៊ូមតិដោយសមស្រប និងមានវិជ្ជាជីវៈគឺជារឿងចាំបាច់។
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការងារ ធ្វើឡើងពីបន្ទាប់ពីបុគ្គលិក កម្មករក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ជាច្រើនរយនាក់ បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខក្រុមហ៊ុន ដែលការនេះជាការធ្វើកូដកម្មឈានដល់ថ្ងៃទី២។ កូដកម្មរបស់ក្រុមបុគ្គលិកកាស៊ីណូណាហ្គាវើល ធ្វើឡើងបន្ទាប់ពីការប្រជុំត្រីភាគីដែលសម្របសម្រួលដោយក្រសួងការងារកាលពីថ្ងៃទី១៤ធ្នូ ទទួលបរាជ័យ ដោយសារតែជំហរសហជីព នៅតែទទូចឲ្យក្រុមហ៊ុនទទួលយកបុគ្គលិកចូលធ្វើការវិញ តែភាគីថៅកែនៅតែបន្តបដិសេធ។
កូដកម្មនេះគឺភាគីសហជីពនៅតែទទួចឲ្យថៅកែក្រុមហ៊ុនទទួលយកបុគ្គលិកចំនួន៣៦៥នាក់ចូលធ្វើការវិញ បន្ទាប់ពីក្រុមហ៊ុនបានបញ្ឈប់អស់រយៈពេលជាង៨ខែមកនោះ នៅក្រោមហេតុផលវិបត្តិកូវីដ១៩។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងប្រាប់វិទ្យុបារាំងអន្ដរជាតិថា កូវីដបានប៉ះពាល់ ទាំងអស់គ្នា ទោះតិចឬច្រើន តែសម្រាប់បុគ្គលិក ឬកម្មករដែលមានចំណូលតិចតួច នៅពេលកាត់បន្ថយបុគ្គលិកដល់ពាន់នាក់ គឺមានន័យស្មើនឹងបញ្ចប់ការងារ ឬឆ្នាំងបាយរបស់ពួកគេ។
បើតាមការអះអាងរបស់សហជីព គឺក្រុមហ៊ុនណាហ្គាវើលដ៍ នៅរក្សាតួលេខចំណេញដល់ជាងមួយរយលានក្នុងឆ្នាំ២០២០និង២០២១។ រីឯបុគ្គលិកដែលត្រូវបញ្ចប់ការងារគឺភាគច្រើនជាតំណាងសហជីពឬសមាជិកសហជីព ដែលនេះត្រូវបានមើលឃើញថា ជាការដៅមុខសញ្ញាដល់ភាពសកម្មរបស់ពួកគេកន្លងមកដែលតស៊ូមតិសម្រាប់ប្រយោជន៍បុគ្គលិកដែលត្រូវបានការពារដោយច្បាប់ជាតិនិងអនុសញ្ញាស្តីពីការងារ(ILO)។ លោកស្រីបញ្ជាក់។
លោក ហេង សួរ ថ្លែងថា ករណីវិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ មន្ត្រីផ្សះផ្សាវិវាទការងារ បានខិតខំដោះស្រាយ និងផ្សះផ្សាជាច្រើនលើក តាំងពីនៅកម្រិតក្រុមហ៊ុន ឡើងមកដល់កម្រិតក្រសួង ហើយចុងក្រោយដល់កម្រិតក្រុមប្រឹក្សាអាជ្ញាកណ្តាល។ លោកបន្តថា បច្ចុប្បន្នភាគីសហជីពបានបដិសេធសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញារកណ្តាល ប៉ុន្តែបែរជាតម្រូវឲ្យនិយោជកអនុវត្តសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ទៅវិញ។ ការណ៍នេះ ពុំបានបង្ហាញអំពីសុច្ឆន្ទៈបដិការក្នុងការទទួលយកដំណោះស្រាយនោះឡើយ។
មន្ត្រីអ្នកនាំពាក្យរូបនេះ បន្ថែមថា កន្លងទៅ ក្រសួងបានបញ្ជាក់រួចហើយថា ក្រសួងប្តេជ្ញាការពារឲ្យបានជាដាច់ខាតនូវអ្វីដែលជាផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដែលជាអកុសលត្រូវមានឈ្មោះក្នុងការកាត់បន្ថយបុគ្គលិក ដោយសារតែការធ្លាក់ចុះជាគំហុកនៃភ្ញៀវ និងការសើរើ ឬកាត់បន្ថយប្រតិបត្តិការរបស់ក្រុមហ៊ុន។
លោកបានបន្ថែមទៀតថា ក្រសួងនឹងបន្តពន្យល់ និងបន្តបង្ហាញអំពីរបៀបនៃការគណនាសំណងប្រសិនជាភាគីពាក់ព័ន្ធនៅមានចម្ងល់។ ប៉ុន្តែក្រសួង ក៏ដូចជាសហជីព ឬអង្គការមិនមានសិទ្ធិអំណាច “ហាមឃាត់ក្រុមហ៊ុនមិនឲ្យកាត់បន្ថយបុគ្គលិក ដោយមូលហេតុសមរម្យនោះទេ”៕
លោក ហេង សួរ៖ អ្នកធ្វើការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ទទួលប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗ ច្រើនជាងទីផ្សារ
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព