អាមេរិក គ្រោងបញ្ចប់ការចរចា និងផ្តល់ហិរញ្ញប្បទានឥតសំណង ៣០០លានដុល្លារ គាំទ្រដល់វិស័យអាទិភាពចំនួន ៤ នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងជំនួបកាលពីសប្តាហ៍កន្លង កម្ពុជា និងអាមេរិក បានពិភាក្សាលើវឌ្ឍនភាពសម្រេចបាននៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍឆ្នាំ ២០២១-២០២៥ ដែលគ្រោងនឹងបញ្ចប់ការចរចា និងត្រៀមចុះហត្ថលេខាក្នុងអំឡុងត្រីមាសទី១ ឆ្នាំ ២០២២ខាងមុខ។ តាមរយៈកិច្ចព្រមព្រៀងនេះ ហិរញ្ញប្បទានឥតសំណងប្រមាណ ៣០០លានដុល្លារ ដែលរដ្ឋាភិបាលអាមេរិកគ្រោងនឹងផ្តល់ឲ្យកម្ពុជា សម្រាប់គាំទ្រដល់វិស័យអាទិភាពចំនួន ៤ គឺវិស័យសុខាភិបាល អប់រំ កសិកម្ម និងបរិស្ថាន សម្រាប់រយៈពេល ៥ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបកាលពីថ្ងៃទី១៦ ខែធ្នូនេះ រវាងលោក ឈៀង យ៉ាណារ៉ា រដ្ឋ​មន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ដ្រី និង​ជា​អគ្គលេខា​ធិការ​គណៈ​កម្មាធិការ​នីតិ​សម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក W. Patrick Murphy ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា។

May be an image of 2 people, people sitting and indoor

ជាមួយគ្នានេះ លោក ឈៀង យ៉ាណារ៉ា បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្តល់ និងបន្តផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់វិស័យសុខាភិបាល អប់រំ កសិកម្ម បរិស្ថាន អភិបាលកិច្ច និងអន្តរវិស័យ ជាពិសេសការផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១៥ លានដុល្លារ និងវ៉ាក់សាំងបង្ការកូវីដ-១៩ ប្រភេទ Johnson &Johnson ប្រមណ ១,០៦ លានដូស មកឲ្យរដ្ឋាភិបាលកម្ពុជា សម្រាប់គាំទ្រដល់វិធានការទប់ស្កាត់នឹងជំងឺកូវីដ-១៩ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ។

ដោយឡែក លោក W. Patrick Murphy ក៏បានថ្លែងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជា និងវឌ្ឍនភាពសម្រេចបានក្នុងកិច្ចអភិវឌ្ឍកម្ពុជា ពិសេសការគ្រប់គ្រងបានល្អប្រសើរនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការសម្រេចតាមផែនការក្នុងការចាក់វ៉ាក់សាំងកូវីដ ជូនប្រជាពលរដ្ឋ និងជនបរទេសដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជា។

លើសពីនេះ ភាគីទាំងពីរ បានពិភាក្សានិងផ្លាស់ប្តូរយោបល់លើប្រធានទបទដែលពាក់ព័ន្ធដូចជា ផលប៉ះពាល់នៃជំងឺកូវីដ ការជំរុញវិស័យពាណិជ្ជកម្ម និងការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ បរិស្ថាន កសិកម្ម សន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងការធ្វើជាប្រធានប្តូរវេនអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២៕