ក្នុងសារសំឡេងប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ នាព្រឹកថ្ងៃទី២០ ខែធ្នូ ២០២១ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ “ការបិទបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈនេះ អាចចាត់ទុកជាជោគជ័យមួយ ឬអាចនិយាយថាជាការកាត់បន្ថយបរាជ័យ នៃការឆ្លងជំងឺកូវីដ១៩ ដែលខ្ញុំតែងតែនិយាយថា គ្មានទេពាក្យជោគជ័យជ័យ តែអាចនិយាយថា ការខូចខាតនេះ វាមិនធំ។ យើងមិនទាន់ជោគជ័យ លើការប្រយុទ្ឋជំងឺនេះទេ តែក៏អាចនិយាយបានថា វាក៏ជោគជ័យក្នុងការទប់ស្កាត់ មិនឱ្យធ្លាក់់ទៅក្នុងជ្រោះមរណៈ”។

រយៈពេល ១០ខែ គិតចាប់ពីថ្ងៃទី២០ កុម្ភៈ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២៤,០២៣នាក់ និងមានអ្នកស្លា.ប់ចំនួន៣,០០៥នាក់។ សម្ដេចបានបញ្ជាក់ថា អ្នកធ្វើមរណៈកាលក្នុងរយៈពេល ១០ខែ កន្លងទៅនេះ ភាគច្រើន ពួកគាត់ជាមនុស្សចាស់ជរា និងអ្នកមានជំងឺប្រចាំកាយ ហើយសម្ដេចក៏សូមសំដែងនូវការសោកស្ដាយ ចំពោះប្រជាពលរដ្ឋ និងគ្រួសារពួកគាត់ ដែលបាត់បង់មនុស្សជាទីស្រលាញ់។
ទន្ទឹមគ្នានោះ ប្រមុខរាជរដ្ឋាភិបាល ក៏នៅតែអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តចូលរួមអនុវត្តន៍វិធានសុខាភិបាល ៣ការពារ និងកុំ ជាពិសេសបង្កើនការពារខ្លួនឱ្យបានល្អ ចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិយើងកុំឱ្យឆ្លងវីរុសកូវីដ១៩ ដើម្បីបន្តទៅបើកសេដ្ឋកិច្ច និងសង្គមកម្ពុជាលើគ្រប់វិស័យឡើងវិញឱ្យបានកាន់តែល្អប្រសើរ៕
