គិតមកដល់ជិតដំណាច់ឆ្នាំ២០២១នេះ ផ្ទៃបឹងតាមោកលើសពី១ពាន់ហិកតាហើយ ដែលត្រូវរដ្ឋាភិបាលបានកាត់ឲ្យទៅភាគីនានា ដែលមានទាំងស្ថាប័នរដ្ឋ និងមានទាំងក្រុមហ៊ុនឯកជន។
អនុក្រឹត្យស្តីពីការកំណត់ផ្ទៃបឹងតាមោក ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដែលចេញកាលពីឆ្នាំ២០១៦ បានបញ្ជាក់ថា បឹងតាមោក ឬបឹងកប់ស្រូវ ដែលស្ថិតនៅខាងជើងរាជធានីភ្នំពេញ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅមានផ្ទៃជាង៣,២ពាន់ហិកតា។
យ៉ាងណាមិញ កន្លងទៅនេះរដ្ឋាភិបាលបានធ្វើកាត់ផ្ទៃបឹងមួយចំនួនសម្រាប់បម្រើការប្រើប្រាស់របស់ស្ថាប័នរដ្ឋ និងខ្លះផ្តល់ដល់វិស័យឯកជនដើម្បីអភិវឌ្ឍ។
កាលពីខែតុលា ឆ្នាំ២០២១ រដ្ឋាភិបាលបានធ្វើអនុប្រយោគ (បំប្លែង) ផ្ទៃបឹងតាមោក១៤០ហិកតា ប្រគល់ជូនទៅក្រសួងយុត្តិធម៌ ដើម្បីប្រើប្រាស់ក្នុងស្ថាប័នយុត្តិធម៌មួយនេះ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់សារព័ត៌មានថ្មីៗថា ក្រសួងយុត្តិធម៌ មិនទាន់អាចផ្តល់ព័ត៌មានបានឡើយ ថានឹងយកផ្ទៃបឹងតាមមោក១៤០ហិកតានេះ ទៅធ្វើអ្វីនោះទេ៕