សម្តេច ហេង សំរិន និងប្រធានរដ្ឋវៀតណាម ចុចប៊ូតុងបើកដំណើរការសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា តម្លៃ ២៥លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ដែលជាជំនួយឥតសំណងពីប្រទេសវៀតណាមក្នុងតម្លៃប្រមាណ ២៥លានដុល្លារអាមេរិក ត្រូវបានបើកពិធីបញ្ចុះបឋមសិលា ក្រោមវត្តមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងលោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម ខណៈដែលរូបលោកមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចំនួនពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 2 people and people sitting

សម្តេច ហេង សំរិន បានលើកឡើងថា ទោះបីជាប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ក្តី ក៏កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាម នៅតែប្រព្រឹត្តទៅយ៉ាងល្អប្រសើរលើគ្រប់វិស័យ។ ជាមួយគ្នានេះ ក្នុងនាមរដ្ឋសភាកម្ពុជាសម្តេចបានថ្លែងអំណរគុណចំពោះជំនួយជាថវិកាចំនួន ២៥លានដុល្លារអាមេរិក ដែលបក្សរដ្ឋ និងប្រជាជនវៀតណាម បានផ្តល់ជូនសម្រាប់កសាងអគាររដ្ឋបាលរដ្ឋសភា ដែលបានធ្វើពិធីបញ្ចុះបឋមសិលានាពេលនេះ។

ទន្ទឹមនឹងនោះ លោក ង្វៀន សួនហ៊្វុក បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់សម្តេចប្រធានរដ្ឋសភានៅក្នុងការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឲ្យមានការរីកចម្រើនជាលំដាប់។ លោកក៏បានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើនលើគ្រប់វិស័យ ទំាងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ នៃប្រទេសទំាងពីរ និងមានក្តីសង្ឃឹមថាក្រោមកិច្ចសហប្រតិបត្តិការជាប្រពៃណី និងបងប្អូននេះ ប្រទេសកម្ពុជា និងវៀតណាមនឹងសម្រេចបានសមិទ្ធិផលធំៗបន្តបន្ទាប់ទៀត។

សូមជម្រាបថា អគាររដ្ឋបាលរដ្ឋសភាថ្មី ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាមនេះ មានកម្ពស់១២ជាន់ និងមានចំណតរថយន្តចំនួនពីរជាន់ទៀត ជាសំណង់ដែលប្រកបដោយសោភ័ណភាពនឹងក្លាយជានិមិត្តរូបនៃមិត្តភាពរវាងប្រជាជាតិកម្ពុជា និងប្រជាជាតិវៀតណាមជារៀងតទៅ។

បើតាមរបាយការណ៍ដែលបានលើកឡើងដោយ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានបង្ហាញថា នៅក្នុងគម្រោងអនុវត្តដ៏ធំក្នុងការសាងសង់អគាររដ្ឋបាលថ្មីដែលជាជំនួយរបស់ប្រទេសវៀតណាមនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចាត់ចែងអនុវត្តទៅតាមផែនការដែលមាន៤ដំណាក់កាល គឺការដេញថ្លៃជ្រើសរើសទីប្រឹក្សា បន្ទាប់មកជ្រើសរើសក្រុមហ៊ុន Archetype បានផ្តើមកសាងប្លង់ទំាងឡាយ និងបន្ទាប់មកបានដាក់សុំការអនុញ្ញាតសាងសង់ជូនទៅក្រសួងដែនដីនគរូបនីយកម្ម ដំណាក់កាលទី៣ គឺដេញថ្លៃការសាងសង់អគារ និងការផ្គត់ផ្គង់បរិក្ខាទំាងឡាយ ដែលបានកំពុងអនុវត្ត និងដំណាក់កាលចុងក្រោយគឺត្រូវធ្វើការសាងសង់អគារ និងបំពាក់គ្រឿងបរិក្ខាឲ្យរួចរាល់ ក្នុងពេលឲ្យបានឆាប់ ជាការល្អ៕