លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ថា ឆ្នាំ២០២១នេះ ចំណូលប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានប៉ាន់ស្មានថា អាចសម្រេចបានប្រមាណជា ៩០០០,២០០,៨៣ ទ្រីលានរៀល ឬត្រូវជា ៩៧ភាគរយនៃផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
លោកថ្លែងក្នុងន័យដើមថា៖ “ចាប់ពីឆ្នាំ២០២០មក ការរាតត្បាតជំងឺកូវីដ១៩ បានជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរលើសេដ្ឋកិច្ចសកល រួមទាំងសេដ្ឋកិច្ចកម្ពុជាផងដែរ នឹងបានធ្វើឲ្យរង្គោះរង្គើយ៉ាងខ្លាំងដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពាណិជ្ជកម្មអន្តរជាតិ”។ លោកសង្កត់ធ្ងន់ថា កត្តានេះបានធ្វើឲ្យចំណូលប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ជាក់ស្តែង ក្នុងឆ្នាំ២០២០ ចំណូលពន្ធ និងអាករ សម្រេចបានចំនួន ៤០០០,៧៩៨,៤ ទ្រីលានរៀល ដែលត្រូវជាប្រមាណ ៨៣,៥ នៃផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។
លោក អូន ព័ន្ធមុនីរ័ត្ន គូសបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៩ ជាឆ្នាំនៃការដែលប្រមូលចំណូលបានល្អបំផុត ចំណូលពន្ធ និងអាករ ដែលប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចបានក្នុងទំហំប្រមាណ ៣០០០,២១៤លានដុល្លារអាមេរិក ត្រូវជា ១៤២,៣ភាគរយ នៃផែនការចំណូលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។ លោកថា បើគិតក្នុងរយៈពេល ៥ឆ្នាំ ពោលគឺឆ្នាំ២០១៤ ដល់ ២០១៩ អត្រាកំណើនចំណូលពន្ធ និអាករដែលប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានជាមធ្យមប្រចាំឆ្នាំប្រមាណ ១៩,៥ភាគរយ ដែលធ្វើឲ្យតួលេខចំណូលមានទំហំស្មើនឹងជិតពីរដងនៃចំណូលដែលប្រមូលបាននៅចុងឆ្នាំ២០១៤។
លោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានអះអាងថា ដើម្បីរួមចំណែកអនុវត្តគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅកែលម្អបរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាននឹងកំពុងអនុវត្តកម្មវិធីការងារអាទិភាព ជាអាថ៍៖ ទីមួយ ការជំរុញប្រើប្រាស់បច្ចេកវិទ្យាក្នុងកិច្ចការគយ រួមមានប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ប្រព័ន្ធបញ្ចូលតែមួយជាតិ និងប្រព័ន្ធគ្រប់គ្រងហានិភ័យគយជាដើម។ ទីពីរ ការបន្តធ្វើសាមញកម្មនិតីវិធីគយ ទីបី ការបំពេញបែបទគយមុនទំនិញមកដល់ និងការធ្វើសវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ ទីបួន ការផ្តល់ប្រព្រឹត្តិកម្មពិសេសដល់ធុរជនមានអនុលោមភាពខ្ពស់ និងការលើកកម្ពស់យន្តការពិគ្រោះយោបល់ជាមួយវិស័យឯកជន និងទីប្រាំ ការពង្រឹងកិច្ចសហការគយអន្តជាតិទាំងក្នុងកមម្រិតទ្វេភាគី និងពហុភាគី៕