ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសសារជាថ្មី មិនអនុញ្ញាតឲ្យរថយន្តអត់ពន្ធបើកចរាចរណ៍ លើដងផ្លូវតទៅទៀតទេ។ ហើយម្ចាស់រថយន្តអត់ពន្ធ សូមប្រញាប់មកបង់ពន្ធឲ្យបានទាន់ពេលវេលា មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះពន្ធ១០ភាគរយ។
ការប្រកាសរបស់សម្តេច ហ៊ុន សែន ធ្វើឡើងនៅក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ធ្នូនេះ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «យើងមិនអនុញ្ញាតឲ្យមានឡាន នៅលើដងផ្លូវដោយមិនបានបង់ពន្ធនោះទេ ព្រោះម្តងហើយម្តងទៀត ភាពច្រំដែលរបស់យើងនៅតែបន្ត។ ឡានចង្កួតស្តាំ ឡានអត់ពន្ធជ្រកក្រោមនេះ ជ្រកក្រោមនោះ មិនអនុញ្ញាតឲ្យមានទេ ហើយអស់លោកគយត្រូវធ្វើការងារនេះ»។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើការប៉ាន់ស្មានថា នៅកម្ពុជាមានរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ដូចជាផ្លាកលេខ ខ.ម ផ្លាកលេខរដ្ឋ ផ្លាកលេខ ន.ប និងប្រភេទផ្លាកលេខស៊ីវិល ទាំងរថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកដីអត់ពន្ធ មានប្រមាណជិតមួយម៉ឺនគ្រឿង។ រថយន្តចង្កូតឆ្វេង ដែលជ្រកក្រោមផ្លាកលេខផ្សេងៗគ្មានពន្ធ អាចចូលមកបំពេញកាតព្វកិច្ចពន្ធ ឱ្យបានយ៉ាងយូរថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករចំនួន ១០%៕