ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ប្រកាសចែកចាយ និងប្រើប្រាស់ឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល២០០ មីលីក្រាម) ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងបង្កើតបានភាពស៊ាំសហគមន៍ រឹងមាំពិតប្រាកដមួយ ទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃពុធ ទី២២ ខែធ្នូម្សិលមិញ។
នៅក្នុងសេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថា ឱសថនេះ នឹងត្រូវចែកចាយ ក្នុងតម្លៃ៥៥ដុល្លារអាមេរិក ក្នុង១ដូស (១ដូស ស្មើនឹង ១កំប៉ុង មាន ៤០គ្រាប់) ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះតទៅ ជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន តាមលក្ខខណ្ឌមួយចំនួន ដូចជា បុគ្គលម្នាក់ មានសិទ្ធិបញ្ជាទិញពី៥ ដល់១០ដូស, មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង មានសិទ្ធិបញ្ជាទិញពី១០ ដល់២០០ដូស (ត្រូវមានលិខិតអនុញ្ញាតបើកអាជីវកម្ម) ហើយអាចលក់បន្ត មិនលើសពី ៦៥ ដុល្លារ អាម៉េរិក ក្នុង១ដូស និងមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញសារជាថ្មីយ៉ាងតិច ២សប្តាហ៍ក្រោយបញ្ជាទិញលើកចុងក្រោយ។
ក្នុងន័យនេះ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញឱសថម៉ូលណាទ្រីសដោយផ្ទាល់ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។
ចំពោះការទូទាត់អាចផ្ទេរ មកគណនីធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) ដែលមានឈ្មោះគណនី Ministry of Post and Telecommunications និងលេខគណនី ០០៣ ១៦៦ ៦៦២។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 123/ 077 867 957/096 466 4646 ជារៀងរាល់ម៉ោងធ្វើការ៕