SMEs នៅកម្ពុជា បច្ចុប្បន្នមានប្រមាណជាង ៩០% និងបានរួមចំណែកជិត ៦០% នៃផលិតផលក្នុងស្រុកសរុប

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃពុធម្សិលមិញ បានរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៨ ឆ្នាំ២០២១ ស្ដីពី “បញ្ហាប្រឈម និងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា” ដែលមានការចូលរួមពិភាក្សានិងធ្វើបទបង្ហាញពីសំណាក់វាគ្មិនដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជន ព្រមទាំងអ្នកសិក្សាស្រាវជ្រាវដែលមានបទពិសោធន៍ ជាច្រើនរូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 6 people

អង្គសន្និសីទ បានបង្ហាញ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សហគ្រាសធុនតូចនិងមធ្យម (SMEs) នៅកម្ពុជា ដែលបច្ចុប្បន្នមានប្រមាណជាង ៩០% និងបានរួមចំណែកជិត ៦០% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% នៃកម្លាំងពលកម្ម។ ស្ថិតនៅក្នុងវិបត្តិជំងឺកូវីដ-១៩ សហគ្រាសធុនតូចនិងមធ្យមបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង បន្ថែមលើបញ្ហាប្រឈមដែលមានស្រាប់ ដូចជាតម្រូវការលើផលិតផលនិងប្រាក់ចំណេញ ការខ្វះដើមទុន ការខ្វះបុគ្គលិកដែលមានជំនាញច្បាស់លាស់ និងលទ្ធភាពទទួលបានព័ត៌មានទីផ្សារ ឥណទាន និងបច្ចេកវិទ្យានៅមានកម្រិត។ល។

ទោះយ៉ាងណា វិបត្តិសុខភាពនេះបានលើកទឹកចិត្តឱ្យ SMEs ងាកទៅរកការវិនិយោគលើបច្ចេកវិទ្យាឌីជីថល និងអភិវឌ្ឍសមត្ថភាពបុគ្គលិក ដើម្បីឱ្យស្របតាមការប្រែប្រួលនៃបច្ចេកវិទ្យា។

ឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងលើ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាច្រើនមានដូចជា ការលើកលែងពន្ធចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍និងបដិសណ្ឋារកិច្ចដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិកូវីដ-១៩ ការបង្កើត មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព មូលនិធិអភិវឌ្ឍន៍ជំនាញ កម្មវិធីសហហិរញ្ញប្បទានតាមរយៈធនាគារសហគ្រាសធុនតូចនិងមធ្យម សាជីវកម្មធានាឥណទានកម្ពុជា និងកម្មវិធីបណ្តុះបណ្តាលសហគ្រិនភាព ជាដើម។