គណបក្សកាន់អំណាច អំពាវនាវជនរួមជាតិ បន្តសាមគ្គីគ្នាជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងព្រះមហាក្សត្រ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ របស់ខ្លួន នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែធ្នូនេះ គណបក្សប្រជាជនកម្ពុជា បានអំពាវនាវជនរួមជាតិទាំងមូលទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេស សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីថែរក្សាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានរឹងមាំ ស្ថិតស្ថេរគង់វង្សជារៀងដរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្របពេលជាមួយនោះ CPP ក៏បានអំពាវនាវដល់ជនរួមជាតិ បន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពសុខាភិបាល សំដៅការពារមិនឱ្យជំងឺកូវីដ-១៩ អាចឆ្លងរាលដាលជាថ្មីទៀត បាន និងរួមគ្នាបញ្ចេញអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាឡើងវិញ ក្រោយវិបត្តិជំងឺកូវីដឱ្យមានសន្ទុះរីកចម្រើនខ្លាំងក្លាឡើង។

ដោយឡែក ជុំវិញលទ្ធផលននៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ របស់ខ្លួន គណបក្សប្រជាជនកម្ពុជា បានសម្រេចលើរបៀបវារៈចំនួន ៤ រួមមាន ទី១ បោះឆ្នោតជ្រើសតាំងបន្ថែម សម្តេចពិជ័យសេនា ទៀ បាញ់ ជាអនុប្រធានគណបក្ស និង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្ស ទី២ បន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងបានសម្រេចជាឯកច្ឆ័ន្ទ ជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ទី៣ ពិភាក្សាអំពីកិច្ចការមួយចំនួនស្តីពីការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងទី៤ អង្គសន្និបាតបានយល់ជ្រួតជ្រាបស៊ីជម្រៅអំពីខ្លឹមសារនៃទស្សនៈសភាពការណ៍ ឆ្នាំ២០២១ និងទិសដៅភារកិច្ច សំខាន់ៗរបស់គណបក្សក្នុងឆ្នាំ២០២២។



បន្ថែមលើនេះ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអំពាវនាវគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់គ្រប់ផ្នែក គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋាន និងមន្ត្រី សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជា សូមពង្រឹងសាមគ្គីភាព ឯកភាពផ្ទ ក្នុងរឹងមាំ ខិតខំបន្តអនុវត្តកម្មវិធីនយោបាយ និងសេចក្តីសម្រេចនានារបស់គណបក្សឱ្យបានសម្រេចជោគជ័យ ដើម្បី បម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជន។

សូមជម្រាបថា សន្និបាតនេះបានធ្វើឡើងក្រោមអធិបតីភាពសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្ដេច ស ខេង អនុប្រធានគណបក្ស សម្តេច សាយ ឈុំ អនុប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ព្រមទាំងមានការរួមក្នុងសន្និបាតនេះមានសមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាលចំនួន៧៧៥រូប លើបរិមាណរួម៨៦៥រូប៕