នៅថ្ងៃទី២៩ធ្នូនេះ រដ្ឋសភា នឹងអនុម័តសេចក្តីព្រាងច្បាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ រួមនឹងច្បាប់ពាណិជ្ជកម្មចំនួន ២

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋសភាកម្ពុជា នឹងបន្តសម័យប្រជុំរបស់ខ្លួនឡើងវិញនៅថ្ងៃទី២៩ ខែធ្នូខាងមុខ ក្រោយគណៈរដ្ឋមន្ត្រីបញ្ជូនមកស្ថាប័ននីតិប្បញ្ញត្តិដើម្បីអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងកូរ៉េ រួមនឹងសេចក្តីព្រាងច្បាប់ចំនួន២ ផ្សេងទៀតដែលពាក់ក្នុងវិស័យពាណិជ្ជកម្ម គឺច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពី សហគ្រាសពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម។ បើតាមកិច្ចប្រជុំនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រោមវត្តមាន សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​នេះ គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទី​ពីរ​របស់​កម្ពុជា បន្ទាប់​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ដើមឆ្នាំ​ ២០២២​ ខាង​មុខ​នេះ សម្រាប់​ការ​នាំ​ចេញ​ផលិតផលិត ពិសេស​ផល​កសិកម្ម ចូល​ទីផ្សារ​ចិនដែលជាទីផ្សារ​ដ៍​ធំ​។

បន្ថែមលើនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងកូរ៉េខាងត្បូង ដោយទទួលបានផលប្រយោជន៍ទៅវិញទៅមក ជាពិសេសដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចនៃប្រទេសទាំងពីរ បន្ទាប់ពីផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ-១៩។ កិច្ចព្រមព្រៀងនេះក៏នឹងរួមចំណែកក្នុងការលើកកម្ពស់ភាពជាដៃគូយូរអង្វែង រឹងមាំ ពង្រឹងភាពជាដៃគូផ្នែកសេដ្ឋកិច្ច និងការពង្រីកសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគីរវាងប្រជាជាតិទាំងពីរ។

សូមជម្រាបជូនថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េ​ខាងត្បូង សម្រេច​បាន​ជាង ​៨៨៥​ លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ ​២០២០ ​។ ក្នុង​នោះ កម្ពុជា បាន​នាំ​ចេញ​ទំនិញ​សរុប​គិត​ជា​ទឹកប្រាក់​មាន​ ៣១៨ ​លាន​ដុល្លារ​ខណៈ​កម្ពុជា បាន​នាំ​ចូល​ពី​កូរ៉េ​ខាងត្បូង​គិត​ជា​ទឹក​ ៥៦៧​លាន​ដុល្លារ​អា​មេ​រិ​ក ​។

ក្រៅពី​ប្រទេស​ចិន​ និង​សាធារណ​កូរ៉េ កម្ពុជា​បាន​កំពុង​សិក្សា​ពី​លទ្ធភាព​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ជាមួយ​ប្រទេស​មួយ​ចំនួន​ទៀត មាន​ឥណ្ឌា អង់គ្លេស​ និង​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អឺរ៉ុប​ខាងកើត។ លើសពីនេះ បើគ្រាន់អ្វីប្រែប្រួលទេ កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលមានកម្ពុជាជាសមាជិកដែរនោះ នឹងចូលជាធរមាន នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីចរចាជិត១០ឆ្នាំ។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមានទំហំសរុបប្រមាណ ២៦.២ទ្រីលានដុល្លារនេះ នឹងអនុញ្ញាតឲ្យកម្ពុជារួចពន្ធលើទំនិញជាច្រើនពិសេសទំនិញកសិកម្ម ទំនិញកសិកម្មកែច្នៃ ទំនិញឧស្សាហកម្មជាដើម។

សូមបញ្ជាក់ថា កិច្ចព្រម​ព្រៀង RCEP ជា​គំនិត​ផ្តួចផ្តើម​របស់​អាស៊ាន និង​ត្រូវ​បាន​ប្រកាស​ឱ្យ​ចាប់​ផ្ដើម​ការចរចា​ក្នុង​ឆ្នាំ ២០១២នៅ​រាជធានី​ភ្នំពេញ​។ កិច្ចព្រមព្រៀង​នេះ​គឺ​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដ៏ធំបំផុត​លើ​ពិភព​លោក ដែល​មាន​សមាជិក​ចំនួន​១៥​ប្រទេស រួមមាន​ប្រទេស​អាស៊ាន​ទាំង១០ និង​ប្រទេស​អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់។ កិច្ចព្រមព្រៀង​នេះ គ្រប់​ដណ្តប់​ប្រជាជន​ប្រមាណ​២.២ពាន់​លាន​នាក់ ឬ៣០%នៃ​ប្រជាជន​ពិភព​លោក និង​មានទំហំ​ផលិតផល​ក្នុង​ស្រុក​សរុប​ប្រមាណ​២៦.២ទ្រីលាន​ដុល្លារ ឬ​៣០%នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​៕