ចំពោះមុខសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្ថិតនៅភូមិគ្រឹះផ្ទាល់សម្តេចនាទីក្រុងតាខ្មៅ នៅព្រឹកថ្ងៃអង្គារ៍នេះ លោក មីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ថ្លែងថា៖ “រដ្ឋាភិបាលជប៉ុនប្រកាសផ្តល់ជំនួយ ១៤៥លានដុល្លារអាមេរិក និងវ៉ាក់សាំងបង្ការកូវីដ-១៩ ប្រភេទ Astrazeneca ចំនួន៣០ម៉ឺនដូស មកឲ្យកម្ពុជា”។ នេះបើតាមការឲ្យដឹងពីលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី។
លោក អ៊ាង សុផល្លែត បានឲ្យដឹងថា ជំនួយជាថវិកាប្រមាណ ១៤៥លានដុល្លារអាមេរិក និងវ៉ាក់សាំង Astrazeneca ចំនួន៣០ម៉ឺនដូស និងការត្រៀមផ្ដល់ជំនួយដល់កម្ពុជាយើងជាបន្តទៀតដែលនឹងត្រូវចុះហត្ថលេខានៅពេលខាងមុខនេះ។
ជាមួយគ្នានោះផងដែរ លោក មីកាមិ ម៉ាសាហ៉ីរុ ក៏បានប្រាប់សម្ដេចនាយករដ្ឋមន្រ្តីលើការគាំទ្ររបស់ជប៉ុនធ្វើយ៉ាងណាជំរុញកំពង់ផែក្រុងព្រះសីហនុឲ្យទៅជាកំពង់ផែស្នូលរបស់កម្ពុជា។ ដោយឡែក ចំពោះវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអាស៊ាន លោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាបានបញ្ជាក់ថា ជប៉ុនបានផ្ដល់រថយន្តមួយចំនួនជូនដល់ក្រសួងការបរទេស និងផ្តល់នូវសម្ភារៈមួយចំនួនដែរ ហើយជប៉ុនក៏នឹងត្រៀម ផ្ដល់នូវកិច្ចសហប្រតិបត្តិការលើការគាំទ្រដល់កម្ពុជា ធ្វើយ៉ាងណាឲ្យកម្ពុជាទទួលបាននូវភាពជោគជ័យក្នុងនាមជាប្រធានអាស៊ាននាពេលខាងមុខ។
គួររំលេចបន្តិចដែលថា ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន នាអំឡុងពេលជាង២០ឆ្នាំចុងក្រោយនេះ បាននិងកំពុងបន្តមានលក្ខណៈកាន់តែស្និទ្ធស្នាលឡើងជាលំដាប់។ ទំនាក់ទំនងនេះ “បរិសុទ្ធណាស់” បើយោងទៅតាមព្រះរាជបន្ទូលរបស់អតីតព្រះមហាក្សត្រកម្ពុជា នរោត្តម សីហនុ ពីព្រោះមើលមួយភ្លែត ជប៉ុនក្នុងនាមជាមហាអំណាចសេដ្ឋកិច្ច ដូចជាមកជួយកម្ពុជា ក្នុងបុព្វហេតុមនុស្សធម៌សុទ្ធសាធ។
សរុបមកវិញ បើទោះជាស្ថិតក្នុងក្របខ័ណ្ឌនៃផលប្រយោជន៍ភូមិសាស្ត្រនយោបាយឬក៏ផលប្រយោជន៍សេដ្ឋកិច្ចក្តី ក៏ជំនួយនិងការវិនិយោគរបស់ជប៉ុនមានសារសំខាន់សម្រាប់ប្រទេសកម្ពុជា។ ម្យ៉ាងទៀត ជំនួយជប៉ុនមានលក្ខណៈបរិសុទ្ធជាងបើធៀបនឹងជំនួយរបស់ប្រទេសមួយចំនួនដែលបង្កប់ដោយចរិតនយោបាយផងនិងការសម្លឹងឃើញធនធានធម្មជាតិមហាសាលរបស់ខ្មែរផង៕