រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ចំនួន ៣ ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មក្នុង និងក្រៅប្រទេស

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋសភា បើកសម័យប្រជុំលើកទី៦ នីតិកាលទី៦ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន បី សម្រាប់លើកកម្ពស់វិស័យពាណិជ្ជកម្ម ដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មក្នុង និងក្រៅប្រទេស ក្រោមវត្តមានសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា។ សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាបានលើកមកពិភាក្សានិងអនុម័ត នាព្រឹកថ្ងៃពុធ ទី២៩ ខែធ្នូនេះ ទី១ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ទី២ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និងទី៣ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-កូរ៉េ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 1 person and indoor

សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម មានគោលបំណងចូលរួមចំណែកក្នុងការបន្តកំណែទម្រង់របស់រាជរដ្ឋាភិបាលក្នុងការស្តារសង្គម សេដ្ឋកិច្ចកម្ពុជាពីវិបត្តិកូវីដ-១៩ និងដើម្បីលើកកម្ពស់ភាពងាយស្រួលនៃការធ្វើធុរកិច្ចនៅកម្ពុជា។ ហើយច្បាប់នេះត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមតាំងពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥មកម្លេះ។

ចំណែកសេចក្តីព្រាងច្បាប់ស្តីពី វិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម មានគោលបំណងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម នៅក្នុងសម័យបច្ចេកវិទ្យា។ ខណៈដែលកន្លងមករាជរដ្ឋាភិបាលបានកំណត់នីតិវិធីសម្រាប់ការចុះបញ្ជីអាជីវកម្មពាណិជ្ជកម្ម ពន្ធដារ និងការផ្តល់សេចក្តីជូនដំណឹងអំពីការបើកសហគ្រាស ដោយបានដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីរួមតាមថ្នាលផ្លាស់ប្តូរទិន្នន័យអនឡាញ។

តាមរយៈសេចក្តីព្រាងច្បាប់នេះ បានដកចេញនូវបុរេលលក្ខណ្ឌមួយចំនួនដែលមិនចាំបាច់សម្រាប់ការចុះបញ្ជី និងជួយឱ្យប្រព័ន្ធស្វ័យប្រវត្តិកម្មដំណើរការទៅបានរលូននិងមានតម្លាភាព មានស្តង់ដារខ្ពស់ស្របតាមការធ្វើធុរកិច្ចជាសាកលព្រមទាំងលើកស្ទួយបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យមានការសម្រួលពាណិជ្ជកម្មនិងការប្រកួតប្រជែង សំដៅរួមចំណែកស្តារសង្គម សេដ្ឋកិច្ចកម្ពុជាពីវិបត្តិជំងឺកូវីដ-១៩ និងជម្រុញកំណើនសេដ្ឋកិច្ច។

ដោយឡែក សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ នឹងក្លាយជាបទដ្ឋានគតិយុត្តទ្វេភាគីក្នុងការដោះដូរពាណិជ្ជកម្មគ្នាទៅវិញទៅមក។ តាមរយៈច្បាប់នេះ នឹងធ្វើឱ្យកសិផលកម្ពុជាមានទីផ្សារកាន់តែធំ តាមរយៈការនាំចេញទៅកាន់ទីផ្សារនៅកូរ៉េ ដែលនឹងចូលរួមចំណែកដ៍សំខាន់នៅក្នុងការលើកម្ពស់ជីវភាពប្រជាកសិកររបស់យើង។

សេចក្តីព្រាងច្បាប់នេះក៏នឹងជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជានិងកូរ៉េ ដែលនឹងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍ សុខមាលភាពប្រជាជន និងការផ្សារភ្ជាប់ធុរកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត ព្រមទាំងអាចបង្កើតការងារថ្មីៗជូនប្រជាជនយើងថែមទៀតផង៕