ដោយសារទឹកព្រះទ័យស្រឡាញ់ពេញចិត្តគ្រឿងបុរាណវត្ថុដែលជាបេតិកភណ្ឌមានតម្លៃមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ មានអាយុកាលរាប់រយឆ្នាំមកហើយនោះ ព្រះមហាវិមលធម្ម ពិន សែម ចៅអធិការវត្តរាជបូណ៌ បានខិតខំស្វែងរកប្រមូលរក្សាទុកបុរាណវត្ថុទាំងនោះតាំងពីអំឡុងឆ្នាំ១៩៨០ រហូតដល់បច្ចុប្បន្ន មានដូចជា វត្ថុសាងពី ថ្ម ស្ពាន់ សំរិទ្ធ ទង់ដែង លង្ហិន ទេពរូប ព្រះពុទ្ធរូប និងគ្រឿងកុល្លាលភាជន៍នានាដើម្បីរក្សាទុកក្នុងវត្តរាជបូណ៌និងតាំងបង្ហាញក្នុងអគារសារមន្ទីរនៅក្នុងវត្តរាជបូណ៌ ដែលព្រះអង្គគ្រោងនឹងសាងសង់នៅឆ្នាំ២០២២ខាងមុខ។
ព្រះមហាវិមលធម្ម ពិន សែម មានសង្ឃដីកាថា ព្រះអង្គមានព្រះទ័យនេះយូរហើយ ទើបតែនៅក្នុងឆ្នាំ២០២១នេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមកទស្សនកិច្ចក្នុងវត្តរាជបូណ៌ បានឃើញគ្រឿងបុរាណវត្ថុទាំងនោះ លោកជំទាវ ក៏សម្រេចចិត្តជ្រោមជ្រែងក្នុងការកសាងសារមន្ទីរដើម្បីសមតាមបំណងរបស់ព្រះអង្គ។
មានព្រះជន្ម ៨២ វស្សា ហើយជាព្រះសង្ឃមួយអង្គមានភាពចាស់ទុំមានចំណេះដឹងជ្រៅជ្រះផ្នែកព្រះពុទ្ធសាសនា ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ មានតួនាទីជាព្រះរាជាគណៈថ្នាក់ទោ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភាព្រះពុទ្ធសាសនាកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប។
សារមន្ទីរដែលព្រះអង្គ គ្រោងនឹងសាងសង់នេះមានឈ្មោះថា សារមន្ទីរ ព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌ ជាសារមន្ទីរព្រះពុទ្ធសាសនា ដើម្បីឱ្យមនុស្សជាតិទាំងអស់នៅលើពិភពលោកបានឃើញនូវសា្នដៃសិល្បៈដែលបន្សល់ពីបុព្វបុរសខ្មែរ។
សូមជម្រាបថា ដំណើរការសាងសង់សារមន្ទីរព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌ គ្រោងនឹងចំណាយថវិកាប្រមាណ៩០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលអាចនឹងចាប់ផ្តើមការសាងសង់ក្នុងឆ្នាំ២០២២ខាងមុខ។ ខណៈដែលបច្ចុប្បន្នព្រះមហាវិមលធម្ម កំពុងប្រមែប្រមូលនូវបច្ច័យពីសប្បុរសជននានា ដើម្បីយកមកកសាងសារមន្ទីរមួយនេះ។
ជាមួយគ្នានេះ គម្រោងសារមន្ទីរនេះនឹងចូលរួមពីអាជ្ញាធរជាតិអប្សរា ក្នុងការងារសាងសង់។ ក្រៅពីនេះ ក៏នៅមានសមិទ្ធផលចំនួនទៀត ដែលអាជ្ញាធរជាតិអប្សរាបានជួយមកកាន់វត្តរាជបូណ៌ ដូចជា ការជួសជុលព្រះវិហារ និងសាលាឆាន់មួយខ្នង ដែលមានអាយុកាលជាយូរឆ្នាំ។
គួររំឭកថា កាលពីដើមខែធ្នូ ឆ្នាំ២០២១ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានប្រគេននូវប្លង់ស្ថាបត្យកម្ម និងបច្ច័យសរុបចំនួន២ម៉ឺនដុល្លារ ដែលបានពីការចូលរួមរបស់លោកជំទាវផ្ទាល់ និងមន្រ្តីរាជការក្រោមឱវាទប្រគេនទៅព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ជាការរួមចំណែកកសាងសារមន្ទីរ និងដើម្បីព្រះអង្គចាប់ផ្តើម ប្រមែប្រមូលនូវបច្ច័យសប្បុរសនានាបន្ថែមទៀតក្នុងការកសាងសារមន្ទីរជាមរតកពុទ្ធសាសនាមួយនេះ៕