សេចក្តីព្រាងច្បាប់ចំនួន បី របស់ក្រសួងពាណិជ្ជកម្មកម្ពុជា គឺច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់អនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ ត្រូវបានរដ្ឋសភាអនុម័តយល់ព្រមទាំងស្រុង នៅព្រឹកថ្ងៃពុធ ទី២៩ ខែធ្នូនេះ។
ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦នេះផងដែរ
លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿខ្ពស់និងសង្ឃឹមយ៉ាងមុតមាំថា សេចក្តីព្រាងច្បាប់ទាំងនេះ នឹងធ្វើឱ្យប្រសើរឡើងនូវតម្លាភាព និងសង្គតិភាព ក្នុងក្របខណ្ឌគតិយុត្តរបស់កម្ពុជា ព្រមទាំងលើកស្ទួយបរិយាកាសធុរកិច្ចនៅកម្ពុជា សំដៅចូលរួមស្តារសង្គម-សេដ្ឋកិច្ចកម្ពុជាពីវិបត្តិនៃជំងឺកូវីដ-១៩ និងផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល។
លោក ប៉ាន សូរស័ក្តិ បានអះអាងថា ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបេ្តជ្ញាសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធជាតិ-អន្តរជាតិឱ្យបានជិតស្និទ្ធ ដើម្បីជំរុញការអនុវត្តច្បាប់នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។
គួរជម្រាបផងដែរថា សេចក្តីព្រាងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម នឹងជួយសម្រួលដល់ការធ្វើធុរកិច្ចនៅកម្ពុជា តាមរយៈការធ្វើឱ្យប្រព័ន្ធស្វ័យប្រវត្តិកម្មដំណើរការទៅបានរលូន មានតម្លាភាព និងមានស្តង់ដារខ្ពស់ ស្របតាមការធ្វើធុរកិច្ចជាសាកល។
ដោយឡែក ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងភាគីទាំងពីរ ដែលនឹងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍ សុខមាលភាពប្រជាជន និងការផ្សារភ្ជាប់ធុរកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
លើសពីនេះ កម្ពុជាក៏នឹងទទួលបានអត្ថប្រយោជន៍បន្ថែមពីកិច្ចព្រមព្រៀងនេះមានជាអាទិ៍ ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំង បង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជា ផងដែរ៕