សារព័ត៌មាន Xinhuanet ផ្សាយជាភាសាអង់គ្លេសរបស់ចិន បានចុះផ្សាយពីការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពាជាតិកម្ពុជាដែលបានចំណាយថវិកាសាងសង់ជាង ៣០ លានដុល្លារ។
បើតាមការចុះផ្សាយសារព័ត៌មានរបស់រដ្ឋចិននេះដោយស្រង់ប្រសាសន៍ប្រមុខរដ្ឋាភិបាលកម្ពុជា ការសាងសង់អគារថ្មីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ប្រទេស និងតម្រូវការកន្លែងធ្វើការសមរម្យនៃបុគ្គលិកបម្រើការងារ។
អគារក្រសួងការពារជាតិដែលមានទីតាំងស្ថិតនៅបណ្តោយមហាវិថីសហព័ន្ធរុស្សីទទួលការផ្តល់ជំនួយពីរដ្ឋាភិបាលចិន និងរដ្ឋាភិបាលវៀតណាម។
ប្រមុខរដ្ឋាភិបាលសម្តេចតេជោ បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធក្នុងការសាងសង់អគារថ្មីរបស់ក្រសួងការពារជាតិ ទាំងរដ្ឋ និងឯកជន ក៏ដូចសាធារណៈរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
អគារកម្ពស់ ៦ ជាន់មានមុខងារប្រើប្រាស់ច្រើនយ៉ាង ដែលមានជាសាលសន្និសីទ និងសាលប្រជុំសម្រាប់រៀបចំព្រឹត្តិការណ៍ជាតិនិងអន្តរជាតិ ដែលអាចផ្ទុកមនុស្សបានជាង ១០០០ នាក់។ នៅលើដំបូលអគារមានសាងសង់កន្លែងអាចឲ្យឧទ្ធម្ភាគចក្រចុះចតបានថែមទៀតផង។
ក្រុមហ៊ុនរបស់ចិន China Railway Urban Construction Group Co. Limited (CRUCG) បានទទួលខុសត្រូវលើការសាងសង់អគារទីស្តីការក្រសួងការពាតិថ្មីនេះ ដែលបានដំណើរការការសាងសង់កាលពីខែមិថុនាឆ្នាំ២០១៨ និងរួចរាល់នៅខែតុលាឆ្នាំ ២០២១ និងបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃ ២៩ ធ្នូឆ្នាំ២០២១ ដោយប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន៕