អង្គការ ស៊ីប៉ាបានបង្កើតបណ្ណាល័យនៅក្នុងរោងចក្រចំនួន ៣២ កន្លែង ដើម្បីជំរុញការអាននិងការរៀនដល់កម្មករ។
គិតត្រឹមឆ្នាំ២០២១នេះ អង្គការស៊ីប៉ា បានសហការបង្កើត «បណ្ណាល័យមណ្ឌលសិក្សា» នៅក្នុងរោងចក្រកាត់ដេរ ចំនួន៣២ ក្នុងខេត្តកណ្តាល កំពង់ស្ពឺ រាជធានីភ្នំពេញ ខេត្តសៀមរាប កំពង់ឆ្នាំង តាកែវ និងខេត្តកោះកុង។
«បណ្ណាល័យមណ្ឌលសិក្សា»បង្កើតឡើងក្នុងបំណង បណ្តុះទម្លាប់នៃការអាន និងការរៀនដោយខ្លួនឯង ដល់កម្មករកម្មការិនីរោងចក្រកាត់ដេរ។ អង្គការស៊ីប៉ា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ការអនុវត្តគម្រោង «អាន និងរៀននៅកន្លែងធ្វើការ តាមរយៈបណ្ណាល័យមណ្ឌលសិក្សានៅក្នុងរោងចក្រកាត់ដេរ»។
តាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការស៊ីប៉ា គម្រោង «អាន និងរៀននៅកន្លែងធ្វើការ តាមរយៈបណ្ណាល័យមណ្ឌលសិក្សានៅក្នុងរោងចក្រកាត់ដេរ» មានគោលដៅកាត់បន្ថយភាពងាយរងគ្រោះ របស់កម្មករ-កម្មរិនីរោងចក្រកាត់ដេរ ក៏ដូចជាបង្កើនលទ្ធភាពទទួលបានការអប់រំ ការរៀនដោយខ្លួនឯង និងលើកកម្ពស់សមត្ថភាព សុខុមាលភាព និងស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ពួកគេ។
ចាប់តាំងពីឆ្នាំ២០១៤មក អង្គការស៊ីប៉ា និងដៃគូសហការដើម្បីបណ្តុះទម្លាប់នៃការអាន និងការរៀនដោយខ្លួនឯង ដល់កម្មករកម្មការិនីរោងចក្រកាត់ដេរ តាមរយៈការដំឡើង និងអនុវត្តគម្រោង «បណ្ណាល័យមណ្ឌលសិក្សា» (LLCs) នៅក្នុងរោងចក្រ។
ចាប់តាំងពីការផ្ដួចផ្ដើមដំបូងនៃគម្រោងរហូតដល់ឆ្នាំ ២០២១នេះ មជ្ឈមណ្ឌលសិក្សាបណ្ណាល័យ បានផ្តល់អត្ថប្រយោជន៍ដល់កម្មករ កម្មការិនីរោងចក្រកាត់ដេរ ប្រមាណ ៩៥ ០០០ នាក់ និងគ្រួសារ។ ក្រោមភាពជាដៃគូ ជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បណ្ណាល័យមណ្ឌលសិក្សា ក៏បានក្លាយជាវេទិកា សម្រាប់កម្មករ កម្មការិនី ចូលរៀនថ្នាក់អក្ខរកម្ម និងគណិតវិទ្យា ព្រមទាំងវគ្គយល់ដឹងខ្លីៗអំពីអាហារូបត្ថម្ភ សុខភាព អនាម័យ ផែនការគ្រួសារ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ អំពើហិង្សាក្នុងគ្រួសារ ក៏ដូចជាប្រធានបទអប់រំផ្សេងៗទៀត៕