អ្នកនិពន្ធល្បីឈ្មោះម្នាក់បានបង្ហាញការចាប់អារម្មណ៍ ក្រោយបានធ្វើជាអនុរក្សប្រឡងបាក់ឌុបឆ្នាំនេះ។
ក្រោយពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២១ បានបញ្ចប់ អ្នកនិពន្ធល្បីឈ្មោះលោកស្រី អ៊ុច ថាវី សង្កេតឃើញបេក្ខជនចូលរួមប្រឡងសុទ្ធតែពូកែៗ មានសមត្ថភាពហើយរំពឹងនឹងទទួលបានលទ្ធផលល្អ។
លោកស្រីលើកឡើងថា បាក់ឌុបឆ្នាំនេះបេក្ខជននៅបន្ទប់ដែលលោកស្រីចូលធ្វើជាអនុរក្សទាំង៤បន្ទប់ ពូកែៗភាគច្រើន (សួរបន្ទប់ផ្សេងៗក៏ចឹងដែរ)។ ពួកគេធ្វើលំហាត់បានច្រើនសឹងតែគ្រប់គ្នា។ ហត់ជាងគេម៉ោងគណិតព្រោះងាកៗ <អ្នកគ្រូ! សុំក្រដាសត!> (បើអត់ងាកបែបអត់អីទេ)។ តែក៏សប្បាយចិត្តព្រោះសិស្សធ្វើបាន ដែលនេះសបង្ហាញឲ្យឃើញថាការរៀនតាមអនឡាញសឹងតែមួយឆ្នាំនេះ ក៏ផ្តល់លទ្ធផលគាប់ប្រសើរគ្រាន់ដែរ។
លោកស្រីសង្កេតឃើញថា សិស្សខិតខំប្រឡងរៀងៗខ្លួន អត់មានសំណៅឯកសារក្នុងបន្ទប់ប្រលង ក៏អត់មានការចម្លងគ្នាឆ្វេចឆ្វាចដែរ។ សិស្សមានវិន័យល្អណាស់។ អាណិតតែគ្រូ Reserve ទេដែលត្រូវកាន់ស្បោងខ្មៅដើរប្រមូលប្រ៊ុយយ៉ុងតាមបន្ទប់ តែត្រូវត្រលប់ទៅវិញស្បោងទទេដដែល។
គួរបញ្ជាក់ដែរថាបើតាមការបញ្ជាក់របស់ក្រសួងអប់រំយុវជននិងកីឡា ការប្រឡងមធ្យមសិក្សាទុតិយភូមិដែលប្រព្រឹត្តទៅត្រូវបានរៀបចំដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញនិងខេត្តកណ្ដាលនារសៀលថ្ងៃ ទី ១៨ ខែ មករា ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀតនាថ្ងៃ ទី ១៩ ខែ មករា ឆ្នាំ២០២២ ព្រមទាំងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡា៕