លោក ហ៊ុន ម៉ាណែត៖ គួរមានភាពក្លាហានក្នុងការបញ្ចេញយុវជនបន្តវេនមកប្រកួតប្រជែងជាមួយខ្ញុំ

សង្គម​ និង​សេដ្ឋកិច្ច

កូនប្រុសច្បងសម្តេច ហ៊ុន សែន និងជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគតលោក ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ធ្នូនេះ ចេញមកអះអាងសារជាថ្មី ហើយនឹងវាយបកទៅកាន់អតីតប្រធានស្តីទីអតីតគណបក្សប្រឆាំង ដែលជាអ្នកនយោបាយចាស់វស្សា ដែលលោក ហ៊ុន ម៉ាណែត ចាត់ថាជាអ្នកចូលចិត្តវាយប្រហារពីក្រោយខ្នង តែគ្មានភាពហានក្លា ក្នុងការចេញមកតតាំងផ្ទាល់ជាមួយក្មេង។ លោកថា តើអតីតមេបក្សប្រឆាំងរូបនេះ មានភាពក្លាហាននិងមានឆន្ទៈនយោបាយពិតប្រាកដ ក្នុងការជ្រើសរើសបេក្ខជនបន្តវេនរបស់បក្សលោក ដូចថ្នាក់ដឹកនាំគណបក្សប្រជាជនបានធ្វើដែរឬទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
មន្ត្រី​ជំនិត​លោក ហ៊ុន ម៉ាណែត ២៣រូប  ត្រូវ​បាន​តែងតាំង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា —  ខ្មែរ

លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ក្រោយពីលោកបបួលអតីតប្រធានគណបក្សប្រឆាំង ភ្នាល់ដើម្បីឱ្យការពារអំណះអំណាងដែលបានលើកឡើងមកវាយប្រហារមាក់ងាយដល់សញ្ញាបត្ររបស់លោក ដែលបានទទួលពីសាលានាយទាហានសហរដ្ឋអាមេរិក (West Point)។ ពេលនោះអតីតប្រធានគណបក្សរូបនោះ ធ្វើការឆ្លើយតបជាបន្ទាន់ក្នុងរយៈពេលមិនដល់បីម៉ោងផង ដោយសុំមិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេងទេ។ ប៉ុន្តែចំពោះការបបួលភ្នាល់ម្ដងទៀតនៅពេលនេះ គឺអស់រយៈពេលពីរថ្ងៃហើយមិនបានចេញសារឆ្លើយតបដូចលើកមុននោះទេ។

លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖ “ភាពស្ងាត់ស្ងៀមបែបនេះ គឺជាចម្លើយមួយយ៉ាងច្បាស់ថា អតីតប្រធានគណបក្សប្រឆាំងរូបនេះ មិនហ៊ានចេញមកភ្នាល់ជាមួយលោក ដើម្បីការពារអំណះអំណាងរបស់លោកទេ ព្រោះលោកដឹងថានិយាយគ្មានមូលដ្ឋានច្បាស់លាស់”

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងក្នុងសំណេរដើមថា៖ “បើជ្រុលជាលោកមិនហ៊ានចេញមកតតាំងផ្ទាល់ជាមួយខ្ញុំដែលជាក្មេងជំនាន់ក្រោយទេ គួរតែលោកមានភាពក្លាហានក្នុងការបញ្ចេញយុវជនបន្តវេនរបស់លោក មកប្រកួតប្រជែងជាមួយខ្ញុំ និងជាមួយយុវជនជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជាមក។ ខ្ញុំគិតថាលោកមានអាយុច្រើនហើយ ល្មមដល់ពេលលោកសម្រាកនិងហ៊ានលះបង់នូវមហិច្ចិតាចង់បានអំណាចរបស់លោក ដើម្បីទុកឱកាសឱ្យយុវជនជំនាន់ក្រោយបានលូតលាស់ផង”


ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត គឺយោងទៅតាមកិច្ចសម្ភាសន៍របស់អតីតមេបក្សប្រឆាំង ជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី២៥ ធ្នូ ២០២១ កន្លងទៅនេះបានបញ្ជាក់ច្បាស់ថា លោកមានយុវជនជាច្រើនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចជ្រើសរើសធ្វើជាបេក្ខជនបន្តវេនរបស់បក្សប្រឆាំងបាន។

ជាការកត់សម្គាល់ ហ៊ុន ម៉ាណែត ថា ការដែលបក្សប្រឆាំងមិនទាន់ជ្រើសរើសបេក្ខភាពអ្នកបន្តវេនមកដល់ពេលនេះ ប្រហែលមកពីការខ្វះឆន្ទៈនយោបាយរបស់មេបក្សប្រឆាំង ក្នុងការបើកឱកាសដល់ក្មេងៗដើម្បីបានក្លាយជាអ្នកបន្តវេន ព្រោះថាមេដឹកនាំនយោបាយចាស់វស្សា នៅតែបន្តក្រាញជាមួយនឹងមហិច្ឆិតានយោបាយរបស់ខ្លួន ចង់បានតួនាទីធ្វើជានាយករដ្ឋមន្ត្រី។ ហេតុដូច្នេះបើសិនជាមេបក្សប្រឆាំង មានឆន្ទៈនយោបាយ និងសេចក្តីក្លាហានដូចសម្ដេច ហ៊ុន សែន គឺលោកប្រាកដជានឹងជ្រើសរើសបេក្ខជនបន្តវេន ដើម្បីចូលរួមប្រកួតប្រជែងជាមួយបេក្ខជនបន្តវេនរបស់គណបក្សប្រជាជនកម្ពុជានៅពេលនេះជាក់ជាមិនខាន៕