អាគារមន្ទីរពេទ្យថ្មីដ៏ធំខ្ពស់ស្កឹមស្កៃ នៅតាមបណ្តោយផ្លូវយោធពលខេមរភូមិន្ទ នៅកណ្ដាលរាជធានីភ្នំពេញ ដែលមានឈ្មោះថា «កម្ពុជា-ចិន ព្រះកុសុមៈ» ពីមុនហៅថា «មន្ទីរពេទ្យលោកសង្ឃ» គ្រោងនឹងសម្ពោធជាផ្លូវការនៅដើមឆ្នាំ២០២២ខាងមុខ ក្រោយដំណើរការសាងសង់អស់រយៈពេល ៣ឆ្នាំ។ ខណៈអាគារមន្ទីរពេទ្យមួយនេះ បានជាប់ត្រួតពិនិត្យបច្ចេកទេសជោគជ័យកាលពីថ្ងៃទី២៨ ខែធ្នូនេះ។
មុនក្លាយជាមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ពីមុនមានឈ្មោះថា មន្ទីរពេទ្យព្រះកុសុមៈ ដែលគេស្គាល់ថាជាមន្ទីរពេទ្យលោកសង្ឃ ស្ថិត ក្នុងខណ្ឌទួលគោក ត្រូវបានកសាងនៅឆ្នាំ១៩៥៣ និងដាក់ឲ្យដំណើរការនៅឆ្នាំ១៩៥៦ ដោយយកតាមព្រះនាមព្រះមហាក្សត្រិយ៍ខ្មែរមួយអង្គ ព្រះនាម ស៊ីសុវត្ថិមុនីវង្ស កុសុមៈ នារីរ័ត្នសេរីវឌ្ឍនា ដែលបានសោយរាជ្យ នៅចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧០។
ក្រុមហ៊ុនម៉ៅការសាសង់ចិន «China State Construction Engineering Corporation Ltd» បានប្រាប់សារព័ត៌មានរដ្ឋចិន ZINHUA ថា អាគារពេទ្យថ្មីក្រោមជំនួយចិនតម្លៃ ៨១ លានដុល្លារនេះ នឹងក្លាយជាមន្ទីរពេទ្យដំបូងគេក្នុងប្រទេសកម្ពុជា ដែលមានប្រព័ន្ធវេជ្ជសាស្រ្តទំនើប ប្រើប្រាស់ថាមពលទាប និងមានគុណភាពខ្ពស់។ ហើយ អគារមន្ទីរពេទ្យនេះមានសាងសង់ចំណតឧទ្ធម្ភាគចក្រសម្រាប់សង្គ្រោះបន្ទាន់ ដែលផ្ទុកទម្ងន់ជាមធ្យមពី ៣តោន ទៅ ៥តោន ផងដែរ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង បានឨ្យដឹងថា អាគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈនេះ មានកំពស់ ១១ជាន់ ១៣២បន្ទប់ ឬ ស្មើនឹង ៤០០គ្រែ ត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗ និងបែងចែកទៅជាផ្នែកផ្សេងៗ ដូចជា ផ្នែកវះកាត់ សេវាព្យាបាលក្រៅ សង្គ្រោះបន្ទាន់ បច្ចេកវិជ្ជាវេជ្ជសាស្ត្រ មន្ទីរពេទ្យ និងភស្តុភារ។
បើតាមលោក ម៉ម ប៊ុនហេង បច្ចុប្បន្ននេះ មន្ទីរពេទ្យព្រះកុសុមៈបានប្តូរឈ្មោះទៅជាមន្ទីរពេទ្យមិត្តភាពកម្ពុជា–ចិន ព្រះកុសុមៈ ដើម្បីឆ្លើយតបតាមកិច្ចព្រមព្រៀង និងមានការឯកភាពពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនផងដែរ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅដើមឆ្នាំ២០២១នេះ បានចុះពិនិត្យដំណើរការសាងសង់អគារមិត្តភាពកម្ពុជា-ចិន ហើយបានលើកឡើងថា ដំណើរការសាងសង់មន្ទីរពេទ្យនេះ គឺជាការបង្កើតនូវសមិទ្ធផលដ៏មានសារៈសំខាន់សម្រាប់សេវាសុខភាពសាធារណៈជូនពលរដ្ឋ។
ទន្ទឹមនឹងនោះ សម្ដេច ស ខេង បានគូសបញ្ជាក់ថា៖ ចាប់ពីឆ្នាំ២០១៥មក ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល មន្ទីរពេទ្យមួយនេះ មានការអភិវឌ្ឍជាបន្តបន្ទាប់ ក្នុងនោះសមិទ្ធផលធំ គឺការទទួលបានការគាំទ្រជាជំនួយឥតសំណងពីរដ្ឋាភិបាលចិន ដើម្បីសាងសង់អគារដ៏ស្កឹមស្កៃជាង៣ម៉ឺនម៉ែត្រការ៉េនេះ។
សូមរំលឹកថា អគារមន្ទីរពេទ្យមិត្តភាព កម្ពុជា ចិន ព្រះកុសមៈ បានដំណើរការសាងសង់កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៨ លើផ្ទៃដីទំហំ១៣.៧៤០ម៉ែត្រការ៉េ ឬស្មើនឹងផ្ទៃក្រឡាប្រមាណជា២៨.៩០០ម៉ែត្រការ៉េ និងចំណាយថវិកាប្រមាណ ៥៥០លានយ័ន ស្មើនឹងប្រមាណជា ៨០លានដុល្លារអាមេរិក គ្រោងចំណាយពេលសាងសង់រយៈពេល៤០ខែ៕