ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចុះមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងគម្រោង បុរី ប៉េងហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ដើម្បីពិនិត្យ និងរកដំណោះស្រាយលើការផ្តល់ប្រព័ន្ធសេវាទូរស័ព្ទ និងសេវាអ៊ីនធើណេត។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ការជួបប្រទះបញ្ហាប្រឈមទាក់ទងនឹងសេវាទូរសព្ទចល័ត បានធ្វើឱ្យប៉ះពាល់ដល់ការធ្វើការ ការប្រកបអាជីវកម្ម ក៏ដូចជាការសិក្សាក្នុងអំឡុងពេលកូវីដ-១៩។ បញ្ហាគុណភាពសេវានេះ មានជាច្រេីនឆ្នាំមកហេីយ ជាពិសេសនៅពេលមានកំណេីនលំនៅឋាន និងប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបំពាក់ឧបករណ៍វាស់ស្ទង់គុណភាពសេវា បង្កើតក្រុមការងារដោះស្រាយបញ្ហាផ្ទាល់នៅតាមបុរី និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងនីមួយៗ ក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិតឱ្យបានល្អប្រសេីរ។ ក្នុងនោះក្រុមការងារនឹងសាងសង់បង្គោលអង់តែនបន្ថែមជាច្រើនទៀត ហើយត្រូវមានប្រតិបត្តិករចំនួន ៣ ប្រើប្រាស់រួមគ្នាលើបង្គោលមួយ ដែលមានទម្រង់ជាដើមឈើ ប្រកបដោយសោភ័ណភាព។
ថ្លែងសន្យាចំពោះមុខប្រជាពលរដ្ឋដែលរស់នៅបុរីប៉េងហួតបឹងស្នោ លោករដ្ឋមន្រ្តីថានឹងត្រលប់មកទីតាំងដដែលនេះវិញ ក្នុងរយៈពេល ៣ខែក្រោយ ដើម្បីពិនិត្យមើលគុណភាពសេវាអ៊ីនធឺណិត និងសេវាទូរសព្ទទាំងអស់ ហើយប្រសិនបើពុំមានការកែលម្អគុណភាពសេវាទាំងអស់នេះទេ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។
ជាការឆ្លើយតប តំណាងបុរីប៉េង ហួតបានបញ្ជាក់ថា ក្រុមហ៊ុននឹងសហការជាមួយក្រសួងដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ។ ជាមួយគ្នា បុរីក៏ថ្លែងអំណរគុណសម្រាប់បងប្អូនប្រជាពលរដ្ឋចំពោះភាពអត់ធ្មត់កន្លងមកនេះ។
ក្រុមហ៊ុន ប៉េង ហួត គ្រុប នឹងបន្តខិតខំសហការគ្រប់បែបយ៉ាងជាមួយប្រតិបត្តិករ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការផ្តល់ជូននូវសេវាទូរស័ព្ទ និងអ៊ីនធើណេតបាននូវគ្រប់គម្រោងរបស់ បុរី ប៉េង ហួត និងដើម្បីចូលរួមចំណែកជាមួយគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល៕