មានករណីផ្ទុះគ្រាប់បែក ២កន្លែងមិនឆ្ងាយពីស្ថានទូតកម្ពុជាប្រចាំនៅភូមា

សង្គម​ និង​សេដ្ឋកិច្ច

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក កុយ គួង តាមរយៈសារជាសម្លេងដែលក្រុមសារព័ត៌មានទទួលបាននៅថ្ងៃនេះ ឱ្យដឹងថា មានករណីផ្ទុះគ្រាប់បែក២គ្រាប់ នៅក្បែរស្ថានទូតកម្ពុជាប្រចាំនៅប្រទេសភូមា ដោយ ១គ្រាប់មានចម្ងាយប្រមាណ១០០ម៉ែត្រ និង១គ្រាប់ទៀតមានចម្ងាយប្រមាណ១៥០ម៉ែត្រ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ។ ប៉ុន្តែលោកអះអាងថា គ្រាប់បែកទាំងនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក កុយ គួង ថាបើតាមការបញ្ជាក់របស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា៖ គ្រាប់បែកទាំងនេះ គឺជាគ្រាប់បែកច្នៃឱ្យលឺសំឡេងតែប៉ុណ្ណោះ មិនបានបង្កឱ្យមានរបួសស្នាមនោះទេ។ ពេលនេះ ខាងសន្តិសុខមីយ៉ាន់ម៉ា បានបង្កើតការប្រុងប្រយ័ត្ន និងការពារបន្ថែមទៀតទាក់ទងនឹងការពង្រឹងសន្តិសុខ ទាំងនៅស្ថានទូត ផ្ទះរបស់អគ្គរដ្ឋទូត និងមន្រ្តីទូតរបស់កម្ពុជា។

ករណីផ្ទុះគ្រាប់បែកនៅពេលនេះ ត្រូវបានគេមើលឃើញថា កើតឡើងមុនប៉ុន្មានថ្ងៃតែប៉ុណ្ណោះនៃដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសមីយ៉ាន់ម៉ា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន តបតាមការអញ្ជើញរបស់មេដឹកនាំរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា។ បើគ្មានអ្វីប្រែប្រួលទេ សម្តេច ហ៊ុន សែន គ្រោងនឹងធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២។

ការ​ប្រកាស​របស់​សម្តេច ហ៊ុន សែន ពី​ខេត្តព្រះសីហនុ​ នាថ្ងៃទី២​ ខែធ្នូនេះ បានលើកឡើងថា សម្តេចបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើដំណើរទៅកាន់ប្រទេសភូមា ដោយមិនមានដាក់លក្ខខណ្ឌទុកជាមុននោះទេ ហើយដំណើរទស្សនកិច្ច ដែលគ្រោងធ្វើឡើងនេះ គឺក្នុងរូបភាពជានាយករដ្ឋមន្ត្រីកម្ពុជា។

ភូមាបច្ចុប្បន្នស្ថិតក្រោមការដឹកនាំដោយរដ្ឋាភិបាលយោធារបស់ លោក មីន អ៊ុងឡាំង ក្រោយរដ្ឋប្រហារកាលពីដើមខែកុម្ភៈ ឆ្នាំ២០២១។ កាលពីអំឡុង ជំនួប​កំពូល​ថ្ងៃ២៦-២៨តុលា២០២១ អាស៊ានមិន​បានអញ្ជើញ​មេដឹកនាំសឹក​ភូមា លោក មីន អ៊ុងឡាំង ឱ្យ​ចូល​រួមនោះទេ។ ជា​វិធានការ​ដ៏​កម្រ​របស់​អាស៊ាន​ចំពោះ​​ក្រុម​យោធា​ភូមា​ ដែល​​មិន​ខ្វល់​ ឬ​ចង់​ដោះស្រាយ​វិបត្តិក្រោយរដ្ឋប្រហារខែកុម្ភៈ។

ជាថ្មីម្តងទៀត សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានលើកឡើងដែលថា ក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ កម្ពុជានឹងខិតខំសម្រួលដល់សភាពការណ៍របស់មីយ៉ាន់ម៉ា ដើម្បីបានវិលត្រឡប់ទៅរកស្ថានភាពល្អប្រសើរឡើងវិញ និងដើម្បីពង្រឹងមជ្ឈភាពរបស់អាស៊ាន។

លោក ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលបាន​បញ្ជាក់​ថា ការធ្វើរៀបចំដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺដើម្បីផលប្រយោជន៍សន្តិភាព និងដំណោះស្រាយនយោបាយក៏ដូចជាលើកតម្កើងសារជាថ្មីនូវស្ថិរភាពនយោបាយ ជាពិសេសកិច្ចការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ មីយ៉ាន់ម៉ាដែលជាអាទិភាពខ្ពស់បំផុត។

លោក ផៃ ស៊ីផាន ថ្លែងក្នុងន័យដើមថា ៖ «យើង​ទាំងអស់​គ្នា​បានដឹងនិង​តែងតែ​យល់​ថា សហ​គម​អាស៊ាន​មាន​សមាជិក​ប្រជាជាតិ​ចំនួន​១០។ ​តាម​គោលការណ៍កុងសង់ស៊ីស (CONCENSUS) គឺជា​សំឡេង​ឯក​ច្ឆ័​ន​ទាំង​១០នៃ​សមាជិក​អាស៊ាន ដែល​មិន​អាច​អវត្តមាន​សមាជិក​ណាមួយ​ឡើយ ទោះ​ក្នុង​លក្ខខណ្ឌ​ណា​ក៏​ដោយ។ កម្ពុជា​នៅ​តែ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍និង​ច្បាប់​របស់​អាស៊ាន ដើម្បី​ផលប្រយោជន៍​រួម​នៃ​សហ​គម​តែ​មួយ វាសនា​តែ​មួយ ដូចដែល​មាន​ចែង​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​របស់​អាស៊ាន​កន្លង​មក​»​

មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ បាន​ធ្វើ​រដ្ឋ​ប្រហារ​កាលពី​ថ្ងៃ​ទី​១ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ ដោយ​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោកស្រី​ អ៊ុងសាន ស៊ូជី​ ​ចេញ​ពី​តំណែង។ ​មក​ទល់​ពេល​នេះ​ លោកស្រី​ អ៊ុងសាន ស៊ូជី ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​មក ​ហើយ​អ្នកស្រី​បាន​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​ចំនួន​១១​ករណី ​បើ​ទោះបីជា​អ្នកស្រី​ បាន​ច្រាន​ចោល​បទ​ចោទ​ប្រកាន់​ទាំង​អស់​ក៏​ដោយ៕