កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហៅកាត់ជាភាសាអង់គ្លេស RCEP ត្រូវចាប់អនុវត្តជាផ្លូវការពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២២នេះតទៅ។ ដែលនេះជាការបោះមួយជំហានធំរបស់អាស៊ី ឆ្ពោះទៅរកសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្រោយខិតខំប្រឹងប្រែងចរចា អស់រយៈពេល ៨ឆ្នាំ ដែលបានចុះហត្ថលេខា កាលពីចុងឆ្នាំ ២០២០កន្លងទៅ បន្ទាប់ពីអូស្ត្រាលី និងនូវែលសេឡង់ បានផ្តល់សច្ចានុម័តដល់កិច្ចព្រមព្រៀងនេះ។
កិច្ចព្រមព្រៀងនេះ វាបានក្លាយជាតំបន់ដោះដូរពាណិជ្ជកម្មសេរីដ៏ធំជាងគេក្ក្នុងពិភពលោក ព្រោះប្រមូលផ្គុំជាលើកទីមួយដោយមហាអំណាចសេដ្ឋកិច្ចអាស៊ី ទាំងបី គឺចិន ជប៉ុន និងកូរ៉េខាងត្បូង និងដំណាងឱ្យ ៣០%នៃផលិតផលក្នុងស្រុកសរុប របស់ពិភពលោក។ គេរំពឹងថា កិច្ចព្រមព្រៀងនេះ នឹងលុបចោលពន្ធគយលើទំនិញជាង ៩០% ដែលត្រូវបានធ្វើពាណិជ្ជកម្មនៅក្នុងតំបន់នេះ។
ពិសេសជាងនេះទៀត កិច្ចព្រមព្រៀង RCEP នេះ ត្រូវគេរំពឹងថានឹងជួយកាត់បន្ថយការចំណាយនិងពេលវេលាសម្រាប់ក្រុមហ៊ុននានា ដោយអនុញ្ញាតឲ្យពួកគេនាំចេញផលិតផលទៅកាន់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនេះបាន ដោយមិនចាំបាច់បំពេញតាមតម្រូវការដាច់ដោយឡែកសម្រាប់ប្រទេសនីមួយៗ។
សម្រាប់កិច្ចព្រមព្រៀង RCEP នេះដែលវាផ្តោតជាសំខាន់ទៅលើកាត់បន្ថយពន្ធ រវាងប្រទេសសមាជិក នៅក្នុងវិស័យ ឧស្សាហកម្មវាយនភណ្ឌ ពាណិជ្ជកម្មផ្នែកសេវា កសិកម្ម និងជំរុញការវិនិយោគដើម្បីជួយ សេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងអភិវឌ្ឍឲ្យដើរទាន់ ប្រទេសដទៃទៀត ក្នុងពិភពលោក។
អ្នកវិភាគនានាមើលឃើញថា កិច្ចព្រមព្រៀងនេះនឹងផ្ដល់ផលប្រយោជន៍ធំសម្រាប់ប្រទេសចិននៅក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួន។
ប្រទេសវៀតណាមចាត់ទុកកិច្ចព្រមព្រៀង RCEP នេះជាជោគជ័យមួយក្នុងចំណោមជោគជ័យជាច្រើនក្នុងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ជាពិសេសក្នុងបរិបទជំងឺកូវីដ១៩ និងតម្រូវការនៃការងើបសេដ្ឋកិច្ចឡើងវិញ។ បូកជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាមចំនួន ១៤ ផ្សេងទៀតដែលបានចូលជាធរមានរួចហើយនោះ កិច្ចព្រមព្រៀង RCEP ត្រូវបានគេរំពឹងថា នឹងជួយធ្វើឱ្យមានការនាំចេញទំនិញវៀតណាមទៅទីផ្សារកាន់តែច្រើនជាមួយនឹងអត្រាពន្ធគយទាបជាងមុន។
ដូចគ្នានេះដែរ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជារំពឹងថា ការនាំចេញទំនិញសក្ដានុពលដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ និងអង្ករជាដើម នឹងមានការកើនឡើង ហើយវាក៏មានការបើកបើកទូលាយទីផ្សារ សម្រាប់កសិផល ដទៃទៀតដូចជា បន្លែត្រីសាច់ជាដើម។
លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លើកឡើងពេលថ្មីៗនេះថា កិច្ចព្រមព្រៀង RCEP មានសារៈសំខាន់ ដែលនឹងបង្កើតនូវក្របខណ្ឌភាពជាដៃគូដែលមានលក្ខណៈទំនើប ទូលំទូលាយ គុណភាពខ្ពស់ ព្រមទាំងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចឱ្យគ្នាទៅវិញទៅមក ដែលនឹងសម្រួលដល់ការពង្រីកខ្សែច្រវាក់ផ្គត់ផ្តង់ពាណិជ្ជកម្មនិងការវិនិយោគ ជាពិសេសការចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា និងតំបន់ឡើងវិញបានឆាប់រហ័សពីវិបត្តិកូវីដ-១៩។
ទោះយ៉ាងណាក៏ដោយបើតាមអ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា សម្រាប់កម្ពុជា អាចប្រឈមនឹងការប្រកួតប្រជែងចំពោះការផលិតជាមួយនឹងប្រទេសជិតខាង ដោយការផលិតរបស់កម្ពុជាបច្ចុប្បន្ន នៅតែមានការចំណាយថ្លៃដើមខ្ពស់ជាងគេប្រទេសជិតខាង។ ប្រទេសជិតខាងអាចផលិតបានក្នុងតម្លៃថោកជាងកម្ពុជា និងក្នុងបរិមាណច្រើនស្របតាមតម្រូវការ។
ចំណែក ប្រទេសថៃ ក៏រំពឹងនឹងទទួលបានការជម្រុញសេដ្ឋកិច្ច ជាពិសេសការនាំចេញ និងវិស័យទេសចរណ៍បន្ថែមទៀត ដោយកិច្ចព្រមព្រៀងនេះ។
វិស័យឯកជននៅក្នុងប្រទេសថៃ បានលើកឡើងថា អត្ថប្រយោជន៍សំខាន់ជាងគេរបស់ កិច្ចព្រមព្រៀង RCEP នេះគឺ ការបង្កើតតំបន់នីយកម្ម ដោយជោគជ័យ ដែលអាចនឹងជំនួស សាកលភាវូបនីយកម្ម នៅពេលណាមួយ ដែលមានជម្លោះ និងសម្ពាធពី សង្គ្រាមពាណិជ្ជកម្មសកល ឬវិបត្តិមេរោគឆ្លងជាដើម។
ជុំវិញការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នេះដែរ ប្រទេសជប៉ុន ក៏រំពឹងទាញបានប្រយោជន៍ច្រើនណាស់ដែរ ដោយសារតែដៃគូពាណិជ្ជកម្មធំៗរបស់ខ្លួន គឺ ចិន និងកូរ៉េខាត្បូង ក៏ស្ថិតនៅក្នុងកិច្ចព្រមព្រៀងនេះដែរ។
តាមរយៈសារព័ត៌មាន Japantimes បានឲ្យដឹងថា កិច្ចព្រមព្រៀង RCEP នឹងគ្របដណ្ដប់លើ ៤៦% នៃពាណិជ្ជកម្មសរុប របស់ជប៉ុន ហើយវានឹងធ្វើឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មទី១ របស់ជប៉ុន ដែលបានធ្វើជាមួយនឹង ចិន និងកូរ៉េខាត្បូង។
សូមជម្រាបថា ក្រោមកិច្ចព្រមព្រៀងនេះ ការនាំចេញទំនិញ របស់ជប៉ុនប្រមាណ ៨៦% នឹងត្រូវបានរួចពន្ធសម្រាប់នាំចេញ ទៅប្រទេសចិន និង ៨១% រួចពន្ធសម្រាប់នាំចេញទៅកូរ៉េខាងត្បូង និង ៨៨% សម្រាប់នាំចេញទៅប្រទេសអាស៊ាន អូស្ត្រាលី និងណូវេស័រឡង់។
គួររំលឹកថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ត្រូវបានចាប់ផ្តើមចរចារតាំងពីឆ្នាំ ២០១៣មក ដែលត្រូវបានចុះហត្ថលេខាដោយ សមាជិកអាស៊ាន ១០ប្រទេស ប្រទេសអូស្រ្តាលី ប្រទេសចិន ប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង និងប្រទេស នូវែលសេឡង់ ខណៈនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះ ត្រូវចូលជាធរមាន៕