សម្តេច ហ៊ុន សែន ចំណារយល់ព្រមលើកលែងពន្ធនាំចូលរថយន្តស្លាកលេខនគរបាលចំនួន ៧៥៧គ្រឿង

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា យល់ព្រមឱ្យលើកលែងពន្ធនាំចូលដោយពន្ធអាករ ដែលជាបន្ទុករបស់រដ្ឋ ចំពោះរថយន្តពាក់ស្លាកលេខនគរបាល ចំនួន ៧៥៧គ្រឿងនៃក្រសួងមហាផ្ទៃ។ នេះបើតាមលិខិតមួយទំព័ររបស់ទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២១។

ការអនុញ្ញាតជាគោលការណ៍របស់ទីស្តីការរដ្ឋមន្ត្រីនេះ ធ្វើឡើង ក្រោយមានចំណារពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅលើសំណើរបស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ។

ទីស្ដីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ការយល់ព្រមជាគោលការណ៍ឱ្យលើកលែងពន្ធនាំចូលដោយពន្ធអាករ ចំពោះរថយន្តពាក់ស្លាកលេខនគរបាល ចំនួន៧៥៧គ្រឿងនៅពេលនេះ ទៅលើរថយន្តដែលបាននិងកំពុងប្រើប្រាស់នៅតាមបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃកម្ពុជា»។

គិតមកដល់ឆ្នាំ២០២២នេះ គេនៅ​មិនទាន់​មាន​តួលេខ​ជាក់លាក់​ណាមួយបញ្ជាក់ថា រថយន្ត​ឯកជន​ ដែល​ពាក់​ផផ្លាកលេខរដ្ឋ ផ្លាកលេខខេមរភូមិន្ទ នគរបាល​ ​និង​រថយន្ត​ចង្កូត​ស្តាំ ​សរុប​ប៉ុន្មាន​នៅឡើយ​។ ក៏ប៉ុន្តែ​​អ្វី​ដែល​ក្រសួង​សេដ្ឋកិច្ច​ ​ការពីចុងឆ្នាំ២០២១កន្លទៅ ស្នើទៅ​ប្រមុខ​រដ្ឋាភិបាល​សុំ​ប្រមូល​ពន្ធ​ពី​ប្រភេទ​រថយន្ត​ទាំងអស់​នេះ ​ទំនងជា​មិនតិច​ទេ​។

បើតាមក្រសួង​ហិរញ្ញវត្ថុ​បាន​អះអាង​ដែលថា​ យានយន្ត​នាំចូល​ជា​ប្រភព​ចំណូល​យ៉ាងសំខាន់​សម្រាប់​ថវិកាជាតិ​។ ​ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៩ ​ចំណូលពី​ក្រុម​ទំនិញ​រថយន្ត​នេះ ​បាន​ដើរ​តួនាទី​ជាង​ពាក់កណ្តាល​(៥៣%​) ​នៃ​ចំណូល​សរុប​ ដែល​ប្រមូល​បាន​ដោយ​គយ ហើយ​ឆ្នាំ​២០២០ ​តួលេខ​បាន​ធ្លាក់ចុះ​មកត្រឹម​៤៣​% ដោយសារ​ទីផ្សារ​យានយន្ត ​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូវីដ-​១៩​។

យ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័ក កាលពីឆ្នាំ២០២០ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងមហាផ្ទៃ” បានបញ្ជាក់ថា រថយន្តពាក់ស្លាកលេខនរគបាល នៅទូទាំងប្រទេសកម្ពុជា ស្របច្បាប់ដែលបានអនុញ្ញាត និងទទួលស្គាល់ពីក្រសួងមហាផ្ទៃមានសរុប ៤៧៥គ្រឿង។

លោក ខៀវ សុភ័ក បញ្ជាក់បន្ថែមថា រថយន្តដែលពាក់ស្លាកលេខ ន.ប ទាំង​ ៤៧៥គ្រឿងនេះគឺជារថយន្តរបស់មន្ត្រីនគរបាលនៅក្រោមក្រសួងមហាផ្ទៃទាំងអស់ ហើយក្នុងចំណោមរថយន្តទាំងនោះមួយចំនួនជារថយន្តអត់ពន្ធ ដែលមន្ត្រីនរគបាល ទិញមកជិៈក្នុងតម្លៃថោក ហើយបានដាក់ស្នើសុំស្លាកលេខមកក្រសួង និងសុំអនុគ្រោះទៅសម្តេច ស ខេង និងសម្តេច ​ហ៊ុន ​សែន ដើម្បីសម្រេចឲ្យប្រើប្រាស់តាមចំនួនដែលកំណត់៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព