កិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី RCEP ត្រូវបានចាប់អនុវត្តជាផ្លូវការពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២២នេះតទៅ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហៅកាត់ជាភាសាអង់គ្លេស RCEP ដ៏ធំមួយនេះមានសមាជិកសរុបចំនួន ១៥ ប្រទេស រួមមានសមាជិកអាស៊ានទាំង១០ប្រទេស និងប្រទេសជាដៃគូអាស៊ានទាំង៥ គឺចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់ ដែលបានឆ្លងកាត់កិច្ចចរចាប្រមាណ ៣១លើក អស់រយៈពេល ៨ឆ្នាំ។
លោក អ៊ុំ ច័ន្ទមនោ អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និងជាបេក្ខជនបណ្ឌិតសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Waikato ប្រទេសនូវែលសេឡង់ បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺធ្វើយ៉ាងណាកាត់បន្ថយរបាំងពន្ធគយឱ្យបាន៩០ភាគរយលើផលិតផលកសិកម្ម និងឧស្សាហកម្ម និងដើម្បីជំរុញឱ្យមានការវិនិយោគដោយផ្ទាល់ពីបរទេស ជាពិសេសពីប្រទេសអ្នកមានដែលជាសមាជិកក្នុងកិច្ចព្រមព្រៀងនេះ។
លោកបណ្ឌិតថ្លែងថា RCEP ក៏អាចបង្ហាញឱ្យកាន់តែច្បាស់អំពីការទាញបានផលចំណេញពីគ្នាទៅវិញទៅមកនៅចំពោះមុខប្រទេសមានសេដ្ឋកិច្ចធំៗ តួយ៉ាង ចិន ជប៉ុន កូរ៉េខាងត្បូង និងអូស្រ្តាលីជាដើម។ ប៉ុន្តែ កិច្ចព្រមព្រៀងនេះ ក៏បានបង្ហាញភាពត្រូវរូវគ្នារវាងប្រទេស និងប្រទេស ដូចជា ចិន និងជប៉ុន (ដែលជាសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ឥទ្ធិពលចិនលើវិស័យនយោបាយ និងវិស័យសេដ្ឋកិច្ច) លើគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ។
ក្នុងបរិបទបច្ចុប្បន្ននេះ គេពិបាកប្រកែកណាស់ថា ការចុះកិច្ចព្រមព្រៀងនេះ មិនមែនជារឿងចៃដន្យឡើយ ព្រោះគេបានចំណាយរយៈពេលដល់ទៅ៨ឆ្នាំ មុនឈានដល់ការចុះកិច្ចព្រមព្រៀងនេះ។ ក្នុងន័យនេះ លោកបណ្ឌិត អ៊ុំ ច័ន្ទមនោ គូសបញ្ជាក់ថា៖ RCEP អាចនឹងជួយប្រទេសសមាជិកអាស៊ាន និងប្រទេសជាដៃគូ រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់ អាចទាញយកផលចំណេញដើម្បីស្តារសេដ្ឋកិច្ច ពីផលប៉ះពាល់ដោយជំងឺរាតត្បាតសកលកូវីដ១៩ និងម៉្យាងទៀតអាចកាត់បន្ថយផលប៉ះពាល់ពីឥទ្ធិពលអវិជ្ជមានដែលចេញពី សង្រ្គាមពាណិជ្ជកម្មរវាង សហរដ្ឋអាមេរិក និងចិន។
តើកម្ពុជាអាចទទួលបានផលប្រយោជន៍អ្វីខ្លះពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP នេះ ត្បិតកម្ពុជាជាប្រទេសតូច មានប្រជាជនតិច និងសេដ្ឋកិច្ចអន់ថយជាងប្រទេសសមាជិកដទៃ។
បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២២ ខែធ្នូ ក្រៅពីទទួលបានការអនុគ្រោះពន្ធ កម្ពុជាក៏នឹងទទួលបានអត្ថប្រយោជន៍បន្ថែមពីកិច្ចព្រមព្រៀងនេះ មានជាអាទិ៍ ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗដល់ប្រជាជនកម្ពុជា។
ទន្ទឹមនឹងនោះ លោកបណ្ឌិត អ៊ុំ ច័ន្ទមនោ បានលើកឡើងថា ផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជា នៅក្នុងកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី RCEP ទីមួយ ការបើកទូលាយទីផ្សារនាំចេញរបស់កម្ពុជា ឬអាចនិយាយបានថា កម្ពុជាអាចនឹងឈប់ខ្វាយខ្វល់ទៀតហើយអំពីការបាត់បង់ផ្នែកខ្លះរបស់ក្របខណ្ឌអនុគ្រោះពន្ធ EBA ហើយងាកមកចាប់យកឱកាសថ្មីពីកិច្ចព្រមព្រៀងនេះវិញ។ ទីពីរ ការវិនិយោគដោយផ្ទាល់ពីបរទេស ដូចជាពីប្រទសចិន ជប៉ុន និងកូរ៉េខាងត្បូង ដែលអាចជាចលករជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងងើបពីផលប៉ះពាល់សេដ្ឋកិច្ចដោយជំងឺកូវីដ១៩។ ទីបី ការទទួលបានព័ត៌មានចែករំលែកថ្មី ដែលឈានដល់ការអភិវឌ្ឍធនធានមនុស្ស ជាស្នូលនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាពតាមលក្ខខណ្ឌកម្លាំងពលកម្មជំនាញ និងពាក់កណ្តាល ជំនាញ សម្រាប់បំពេញតម្រូវការទីផ្សារ ទាំងក្នុងស្រុក តំបន់ និងអន្តរតំបន់ ហើយអាចទាញអត្ថប្រយោជន៍បានកាន់តែច្រើន។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកបន្តថា កម្ពុជាត្រូវត្រៀមខ្លួនឱ្យបានគ្រប់គ្រាន់ និងត្រូវដោះស្រាយបញ្ហាប្រឈមមួយចំនួន ដើម្បីអាចទាញផលចំណេញពីពាណិជ្ជកម្មសេរីថ្នាក់អន្តរតំបន់មួយនេះឱ្យបានជាអតិបរមា។ ទីមួយ កម្ពុជាត្រូវបន្ត ពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច បម្រើដល់ការសម្រួលក្នុងការដឹកជញ្ជូន ដែលក្នុងន័យនេះអាចឈានដល់ការកាត់បន្ថយតម្លៃសម្រាប់ការដឹកជញ្ជូន និងថ្លៃដើមសង្វាក់ផលិតកម្ម។ ទីពីរ កម្ពុជាគួរប្តេជ្ញាអភិវឌ្ឍធនធានមនុស្ស រួមមានអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងពាក់កណ្តាលជំនាញ ដែលអាចប្រកួតតប្រជែងក្នុងទីផ្សារការងារ ក៏ដូចជាក្នុងសង្វាក់ផលិតកម្ម។ ទីបី កម្ពុជាត្រូវពង្រឹងបន្ថែម លើនិតិវិធីវិនិយោគ សំដៅដល់ការធានា និងការសម្រួលបរិយាកាសវិនិយោគឱ្យមានភាពប្រសើរឡើង ទាំងក្នុងស្រុក និងពីបរទេស ដែលជាដើមទុនយ៉ាងសំខាន់សម្រាប់ជំរុញម៉ាស៊ីនសេដ្ឋកិច្ចជាតិ។
ការសិក្សារបស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំការនាំចេញចំនួន ៧,៣% វិនិយោគចំនួន ២៣,៤% និងផលិតផល ក្នុងស្រុកសរុបចំនួនប្រមាណ ២% លើផលិតផលក្នុងស្រុកសរុប ដែលមានបច្ចុប្បន្ន។
លោកបណ្ឌិត អ៊ុំ ច័ន្ទមនោ បានបញ្ជាក់ថា៖ RCEP ប្រាកដណាស់នឹងផ្តល់ផលចំណេញមកឱ្យកម្ពុជា អាចនិយាយបានថា ទាំងក្នុងបរិបទសេដ្ឋកិច្ច និងបរិបទនយោបាយ ក៏ប៉ុន្តែ កម្ពុជាត្រូវតែព្យាយាមកែសម្រួល និងបន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីអាចទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP នេះជាអតិបរមា។
បើតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម កិច្ចព្រមព្រៀង RCEP ជាគំនិតផ្តួចផ្តើមរបស់អាស៊ាន និងត្រូវបានប្រកាសឱ្យចាប់ផ្ដើមការចរចាក្នុងឆ្នាំ ២០១២នៅរាជធានីភ្នំពេញ។ កិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតលើពិភពលោក ដែលមានសមាជិកចំនួន១៥ប្រទេស រួមមានប្រទេសអាស៊ានទាំង១០ និងប្រទេសអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់។ កិច្ចព្រមព្រៀងនេះ គ្រប់ដណ្តប់ប្រជាជនប្រមាណ២.២ពាន់លាននាក់ ឬ៣០%នៃប្រជាជនពិភពលោក និងមានទំហំផលិតផលក្នុងស្រុកសរុបប្រមាណ២៦.២ទ្រីលានដុល្លារ ឬ៣០%នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក៕