លោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលកូរ៉េខាងត្បូងសម្រេចសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ។ លោក ផាក ហ៊ឹងឃ្យុត ថ្លែងអះអាងបែបនេះធ្វើឡើងក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ នៅព្រឹកថ្ងៃចន្ទ ទី៣ មករានេះ។
លោក ផាក ហ៊ឹងឃ្យុង បានបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េមួយ បានធ្វើការសិក្សាពីលទ្ធភាពក្នុងការសាងសង់ និងបានបញ្ជូនរបាយកាណ៍លទ្ធផល ជូនរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ ហើយផ្អែកលើរបាយការណ៍នេះ រដ្ឋាភិបាលកម្ពុជានឹងធ្វើការសម្រេចលើទីតាំងសាងសង់ និងទ្រង់ទ្រាយរបស់ស្ពានជាដើម។
ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ថ្លែងក្នុងន័យដើមថា៖ «ខ្ញុំជឿជាក់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងមិនត្រឹមតែចូលរួមចំណែកជួយសម្រួលចរាចរណ៍នៅកណ្តាលរាជធានីភ្នំពេញ ក្នុងរយៈពេល១០០ឆ្នាំខាងមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនឹងក្លាយជាកន្លែងទាក់ទាញទេសចរណ៍ក្នុងរាជធានីភ្នំពេញផងដែរ។ ជាពិសេស ប្រសិនបើស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ត្រូវបានសាងសង់ជាស្ពានខ្សែកាបដ៏ស្រស់ស្អាតនោះ ប្រជាជនកូរ៉េដែលកំពុងរស់នៅ ក្នុងប្រទេសកម្ពុជាទាំងអស់ នឹងប្តេជ្ញាធ្វើដំណើរមកកាន់រាជធានីភ្នំពេញម្តងទៀត ដើម្បីទស្សនាទិដ្ឋភាពស្ពាន ដែលត្រូវបានសាងសង់រួចរាល់ជាក់ជាពុំខាន»។
សូមរម្លឹកថា ក្នុងពិធីបើកការដ្ឋានគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២(ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់) និងផ្លូវជាតិលេខ២២(ពីអូរចំបក់ ដល់អង្គតាសោម) កាលពីដើមឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានស្នើសុំដល់ ប្រធានាធិបតីកូរ៉េ ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីតំបន់ជ្រោយចង្វារ ទៅកាន់ ស្វាយជ្រុំ និងតំបន់អរិយក្ស ខណៈកម្ពុជា និងកូរ៉េ នៅមិនទាន់មានស្ពានមិត្តភាពកម្ពុជា-កូរ៉េ នោះទេ។
សម្ដេចក៏បានលើកឡើងថា នឹងដាក់ឱ្យគម្រោងនេះជាគម្រោងអាទិភាព ក្នុងការស្នើថវិកាចេញពីកញ្ចប់ឥណទាន ៧០០ លានដុល្លារពីកូរ៉េសម្រាប់ឆ្នាំ ២០១៩-២០២៣។ស ម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា៖ «បើយោងតាមការសិក្សា គម្រោងស្ពានតភ្ជាប់រវាងជ្រោយចង្វារ ទៅស្វាយជ្រុំ នេះគឺនឹងចំណាយប្រមាណ ៤០ ទៅ ៥០ លានដុល្លារប៉ុណ្ណោះ…»។
សម្តេចថ្លែងបញ្ជាក់ថា «កូរ៉េគឺផ្ដល់កញ្ចប់ឥណទានដល់ ៧០០ លានដុល្លារ សុំយក៤០ ទៅ ៥០ លានដុល្លារ គឺនឹងមិនមានបញ្ហា។ តែគឺនៅលើយើងថា នឹងដាក់គម្រោងមួយណាជាគម្រោងអាទិភាព ដែលយើងនឹងដាក់គម្រោងស្ពាននេះ»។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បានថ្លែងប្រាប់សារព័ត៌មាន Fresh News ថា ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញទៅតំបន់អរិយក្សត្រនេះ អាចនឹងសាងសង់នៅឆ្នាំ២០២២នេះ៕