បើតាមរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា កម្រិតភាពក្រីក្រពលរដ្ឋកម្ពុជាបានថយមកនៅត្រឹមជាង ៨ ភាគរយត្រឹមឆ្នាំ២០២០។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីស្ថានភាពជីវភាពពលរដ្ឋដែលមានជីវភាពប្រសើរជាងមុនក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។
បើតាមលោករដ្ឋមន្រ្តី កត្តាសុខសន្តិភាពបានផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានមុខរបរ មានការងារធ្វើ មានប្រាក់ចំណូល មានជីវភាពរស់នៅប្រសើរជាងមុន ក្នុងនោះផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP per capita) បានកើនឡើងពី ២៦៩ដុល្លារអាមេរិកនៅឆ្នាំ១៩៩៨ រហូតដល់ ១.៥១៣ ដុល្លារអាមេរិកនៅដើមឆ្នាំ២០២០។
ដោយឡែកអត្រានៃភាពក្រីក្រជារួមបានធ្លាក់ចុះពី៥៣% នៅឆ្នាំ១៩៩៨ មកនៅត្រឹមកម្រិត៨,៨% ក្នុងឆ្នាំ២០២០។
ដើម្បីបង្ហាញពីកម្រិតនៃភាពរីកចម្រើន ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើការប្រៀបធៀបកំណើនរថយន្ត និងទោចក្រយានយន្តដែលចរាចរណ៍នៅតាមដងផ្លូវនាពេលបច្ចុប្បន្ន ធៀបនឹងឆ្នាំ១៩៩៨ ចំនួនរថយន្តមានការកើនឡើងប្រមាណពី ៦,៥ម៉ឺនគ្រឿង រហូតដល់ ៩២ម៉ឺនគ្រឿង រីឯចំនួនទោចក្រយានយន្តវិញ កើនឡើងប្រមាណពី២០ម៉ឺនគ្រឿងរហូតដល់៥,២លានគ្រឿង។
ដោយឡែកសុខុមាលភាពសាធារណៈ រវាងឆ្នាំ១៩៩៨ និងពេលបច្ចុប្បន្នវិញ អាយុសង្ឃឹមរស់របស់ប្រជាពលរដ្ឋកម្ពុជា (Life Expectancy) ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរគឺពី៥៦ឆ្នាំ រហូតដល់ជាង ៧០ឆ្នាំ៕