សម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ បានជំរុញដល់ឯកអគ្គរាជទូតកម្ពុជា ដែលត្រូវបំពេញបេសកកម្មការទូតនៅក្រៅប្រទេស ត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយឯកអគ្គរដ្ឋទូត-រាជទូត នៃបណ្តាប្រទេសដទៃទៀត ប្រចាំនៅប្រទេសនីមួយៗ ដើម្បីកៀរគរផលប្រយោជន៍នានាជូនប្រទេសជាតិ ដូចជាការទាក់ទាញអ្នកទេសចរនិងអ្នកវិនិយោគមកកាន់កម្ពុជា។ សម្តេចថា ត្រូវតម្កល់ប្រយោជន៍ជាតិជាធំទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សាការពារនិងលើកតម្លៃជាតិជានិច្ច។
សម្តេច ហេង សំរិន បានលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី៤ ខែមករានេះ ក្នុងជំនួបជាមួយឯកអគ្គរាជទូតកម្ពុជាចំនួនបីរូប ដែលទើបត្រូវបានរាជរដ្ឋាភិបាលតែងតាំងឱ្យបំពេញបេសកកម្មការទូតនៅតាមប្រទេសមួយចំនួន គឺ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន លោក កែវ ឈា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូ ដែលមាននិវេសនដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន និងលោក ផន ពៅ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋហ្វីលីពីន។
សម្តេច ហេង សំរិន បានសង្កត់ធ្ងន់ថា៖ “ក្នុងនាមជាឯកអគ្គរាជទូត ត្រូវបង្ហាញនិងប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងសេចក្តីថ្លៃថ្នូរ ដោយត្រូវបន្តលើកកម្ពស់ផ្សព្វផ្សាយឱ្យបរទេសស្គាល់កម្ពុជាឱ្យបានច្បាស់ ទាំងផ្នែកសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរ ដែលជាប្រជាជាតិមួយ មានវប្បធម៌រុងរឿង តាំងពីសម័យអង្គរមក”។
លើសពីនេះ សម្តេចប្រធានរដ្ឋសភាកម្ពុជា ក៏បានណែនាំឱ្យឯកអគ្គរាជទូតទាំងអស់ ត្រូវយកចិត្តទុកដាក់ ជួយសម្របសម្រួល និងដោះស្រាយបញ្ហានានារបស់ពលរដ្ឋខ្មែរ នៅតាមប្រទេសនីមួយៗ។
សម្តេចបន្ថែមទៀតថា ត្រូវតែបំពេញការងារឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលានិងត្រូវចុះស្វែងយល់សុខទុក្ខ និងក្តាប់ព័ត៌មានឱ្យបានច្បាស់លាស់ ជាក់ស្តែង អំពីប្រជាពលរដ្ឋ សិស្ស-និស្សិត និងពលករខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេស ហើយបង្កលក្ខណៈងាយស្រួលលើសេវាកម្មនានារបស់ស្ថានទូត លើកកម្ពស់ សុខុមាលភាព និងការពារផលប្រយោជន៍របស់ពួកគាត់៕