រដ្ឋសភា អនុម័តយល់ព្រមឱ្យរាជរដ្ឋាភិបាលខ្ចីប្រាក់ពីគេប្រមាណជាង ២២០០លានដុល្លារអាមេរិក ពីដៃគូអភិវឌ្ឍន៍

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា​ជំពាក់​បរទេស បាន​កើន​ឡើងដល់​ជាង ៩​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ២០២១ និង​បន្ត​កើនឡើង​រហូតដល់​ជាង ១​ម៉ឺន​លាន​ដុល្លារ នៅក្នុង​ឆ្នាំ២០២២​។ ក្នុង​ចំណោម​បណ្ដា​ប្រទេស​ដែល​កម្ពុជា​ជំពាក់​ ចិន​ជា​ម្ចាស់​កម្ចី​ធំ​ជាង​គេ​ដែល​កាន់​កាប់​អត្រា​ ៤៥% ស្មើ​នឹង​ជិត ​៤ ​ពាន់​លាន​ដុល្លារ ខណៈ​ ៣១%​ ទៀត​ជំពាក់​ស្ថាប័ន​ហិរញ្ញវត្ថុ​ពហុភាគី​នានា​ ដូច​ជា​ធនាគារ​ពិភពលោក ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ជា​ដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា ឆ្នាំ២០២០ ដែល​ចេញផ្សាយ​កាលពី​ខែ មីនា ឆ្នាំ២០២១ ​របស់​ក្រសួង​សេដ្ឋកិច្ច ក្នុង​រយៈពេល ២៧​ឆ្នាំ គិត​ពី​ឆ្នាំ១៩៩៣ ដល់​ចុងឆ្នាំ២០២០ គ្រាន់តែ​ថ្លៃ​ការ​ប្រាក់ និង​កម្រៃ​ផ្សេងៗ​ ដែល​កម្ពុជា​បាន​បង់​សង​ទៅ​ម្ចាស់បំណុល​បរទេស​វិញ មាន​សុរប​ ៧៤៩,៤២លាន​ដុល្លារ​។ តែក្នុង​ឆ្នាំ២០២០ កន្លង​ទៅ កម្ពុជា​ក៏​លៃលក​សង​បំណុល​នេះ​បាន ៣៦០,៣០លាន​ដុល្លារអាមេរិក ប៉ុន្តែ​ក្នុង​នោះ​គ្រាន់តែ​ការប្រាក់ មាន​ចំនួន​ ៩៣,៣៧​លាន​ដុល្លារ។

ទោះយ៉ាង​ណា មន្ត្រី​ជាន់ខ្ពស់រដ្ឋាភិបាល បានអះអាង​ថា បំណុល​នេះ​នៅ​ទាប ដែល​មិន​គួរ​ឲ្យ​ព្រួយ​បារម្ភ ហើយ​កម្ពុជា​នៅ​អាច​ជំពាក់​បរទេស​បាន​បន្ថែម​ទៀត​។ លោក ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​ថ្ងៃទី១៤ ខែ​ធ្នូ ឆ្នាំ២០២១កន្លងទៅ​ថា បើ​ធៀប​បំណុល​កម្ពុជា​ជាមួយ​ប្រទេស​ផ្សេងទៀត កម្ពុជា​មិនទាន់​ដល់​វ័ណ្ឌក​នោះ​ទេ​។ លោក​អះអាង​ថា កម្ពុជា​មិន​មាន​បញ្ហា​អ្វី ពាក់ព័ន្ធ​ជាមួយនឹង​លទ្ធភាព​សង​នោះ​ទេ។

បើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាល​ពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ បានឪ្យដឹងថា អនុម័តយល់ព្រមឱ្យរាជរដ្ឋាភិបាលខ្ចីប្រាក់ពីគេក្នុងកម្រិត ១ ៦០០ ០០០ ០០០SDR (មួយប៊ីលានប្រាំមួយរយលានអេសដេអ៊ែ) ប្រមាណជាង ២២០០លានដុល្លារអាមេរិក ពីដៃគូអភិវឌ្ឍន៍។

ច្បាប់នេះបញ្ជាក់ថា ការខ្ចីដែលត្រូវចុះកិច្ចសន្យាត្រូវមានលក្ខណៈជាការខ្ចីសម្បទាន ដែលត្រូវសងវិញជាមួយការប្រាក់អនុគ្រោះ។ នៅក្នុងលក្ខខណ្ឌនេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាអ្នកមានសិទ្ធិស្របច្បាប់តែមួយគត់ តាមការប្រទានសិទ្ធិជាលាយ​លក្ខណ៍​អក្សររបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចុះហត្ថលេខាលើការខ្ចីជាគុណប្រយោជន៍នៃថវិកាទូទៅរបស់រដ្ឋ ឬលើការធានារបស់រដ្ឋ ហើយត្រូវធ្វើរបាយការណ៍ស្តីពីការអនុវត្តនៃការខ្ចីនិងការធានានេះ ជូនរដ្ឋសភានិងព្រឹទ្ធសភា រៀងរាល់ ៦ខែម្តង។

សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ អនុម័តយល់ព្រមឱ្យរាជរដ្ឋាភិបាលបោះផ្សាយលក់ មូលបត្ររដ្ឋក្នុងកម្រិតទី ២១៩ ៥០០ ០០០ ០០០រៀល(មួយទ្រីលានពីររយដប់ប្រាំបួនប៊ីលាន ប្រាំរយលានរៀល) ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈសំដៅលើកស្ទួយ កំណើននិងផលិតភាពសេដ្ឋកិច្ច៕