មន្រ្តីជំនាញនៃក្រសួងបរិស្ថាន ដឹកនាំដោយលោក វ៉ាន់ មុនីនាថ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ បានដឹកនាំកិច្ចប្រជុំលើកទី២ នៃក្រុមការងារបច្ចេកទេសរៀបចំគោលការណ៍ណែនាំ និងវិញ្ញាបនបត្រកម្មអគារបៃតងនៅកម្ពុជា។
លោកវ៉ាន់ មុនីនាថ បានលើកឡើងថា ទីក្រុងបានរួមចំណែកប្រមាណជាង៧០% ក្នុងការបំភាយឧស្ម័នផ្ទះកញ្ចក់ សំណង់អគារនៅលើពិភពលោកបានប្រើប្រាស់ ថាមពលប្រមាណ៣៥% និងបានបំភាយឧស្ម័នផ្ទះកញ្ចក់ប្រមាណ ៣៨%។ ចំណែកកម្ពុជាក៍ទទួលរងនូវផលប៉ះពាល់ មកពីការរីកលូតលាស់យ៉ាងឆាប់រហ័ស នៃនគរូបនីយកម្ម ដែលបន្ថែមសម្ពាធបន្ថែមលើធនធានធម្មជាតិ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុង។ ដូចនេះអគារបៃតងជាជម្រើស ដ៏មានប្រសិទ្ធភាព ក្នុងការជំរុញប្រសិទ្ធភាពធនធាននិងថាមពល ការសន្សំសំចៃទឹក ការកាត់បន្ថយសំណល់ លើកកម្ពស់គុណភាពបរិស្ថាន និងបំពេញតម្រូវការផ្នែកសេដ្ឋកិច្ច បរិស្ថាន សង្គមនិងវប្បធម៌។

កិច្ចប្រជុំបានពិនិត្យ និងសម្រេចលទ្ធផលសំខាន់ៗ ដូចខាងក្រោម៖
១). បានពិនិត្យវឌ្ឍនភាពរួម នៃការរៀបចំ “គោលការណ៍ណែនាំ និងវិញ្ញាបនប័ត្រកម្មសម្រាប់អគារបៃតងនៅកម្ពុជា (CamgCGB)”
២). បានពិនិត្យសេចក្តីព្រាងគោលការណ៍ណែនាំ និងវិញ្ញាបនប័ត្រកម្មសម្រាប់អគារបៃតងនៅកម្ពុជា
៣). បានពិនិត្យសេចក្តីព្រាងផែនទីបង្ហាញផ្លូវ CamGCGB
៤). បានពិនិត្យសេចក្តីព្រាងជម្រើសសម្រាប់សំណើរការរៀបចំស្ថាប័នសម្រាប់ CamGCGB និង
៥). បានពិនិត្យមេរៀនបណ្តុះបណ្តាល CamGCGB សម្រាប់អ្នកជំនាញ ស្ថាបត្យករ វិស្វករ និងសវនករអគារបៃតង និងសាធារណៈជន។
៦). បានពិនិត្យលក្ខណៈវិនិច្ឆ័យនីមួយៗរបស់ CamGCGB និងជម្រើសក្នុងការរៀបចំស្ថាប័ន គ្រប់គ្រង និងដំណើរការគោលការណ៍ណែនាំ និងវិញ្ញបនបត្រអគារបៃតងនៅកម្ពុជា
៧). បានពិនិត្យទៅលើការរៀបចំមេរៀនសម្រាប់ការបណ្តុះបណ្តាលរបស់ CamGCGB
៨). បន្តធ្វើការជ្រើសរើសអគារចំនួន២ ដើម្បីសាកល្បងប្រព័ន្ធ CamGCGB ដើម្បីកែតម្រូវប្រព័ន្ធ CamGCGB ឱ្យបានសមស្រប។

គួរបញ្ជាក់ដែរថា កិច្ចប្រជុំដែលបានធ្វើឡើងកាលពីសប្តាហ៍មុនជាកិច្ចប្រជុំលើកទី២ នៃក្រុមការងារបច្ចេកទេសរៀបចំគោលការណ៍ណែនាំ និងវិញ្ញាបនបត្រកម្មអគារបៃតងនៅកម្ពុជាដោយមានការចូលរួម ពីក្រុមការងារមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជនដៃគូអភិវឌ្ឍន៍ អ្នកជំនាញការអន្តរជាតិ និងតំណាងវិទ្យាស្ថានមេគង្គ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ៕