ស្វែង​យល់​ពី​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ និង​ផល​ប្រយោជន៍​ផ្សេងទៀត ​ដែល​កម្មករ​ទទួល​បាន

សង្គម​ និង​សេដ្ឋកិច្ច

វិស័យ​វាយនភ័ណ្ឌ​ជា​វិស័យ​សំខាន់​ដែល​រកចំណូល​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ វិស័យ​នេះ​ក៏​បង្កើត​ការងារ​ដល់​ពលរដ្ឋ​រាប់​ម៉ឺននាក់ ជា​ប្រភព​ចំណូល​​បាន​ជួយ​ទ្រងទ្រង់​ដល់​ជីវភាព​របស់​ពលរដ្ឋ​ក្រីក្រតាម​មូលដ្ឋាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់​ទៀត​នេះ ឧកញ៉ាញូនស៍​នឹង​បង្ហាញ​ឲ្យប្រិយមិត្ត​បាន​ស្វែងយល់ពី​​ប្រាក់​ឈ្នួល​កម្មករ​និង​អត្ថប្រយោជន៍​ផ្សេង​ទៀត​របស់កម្មករ​ដែល​ធ្វើការ​ផ្នែក​វាយនភណ្ឌកាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប។

តាម​សេចក្តីប្រកាស​របស់​ក្រសួង​​ការងារ​ ​ឆ្នាំ ២០២២ ប្រាក់​ឈ្នួល​គោល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌកាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប ទទួល​បាន ១៩៤ ដុល្លារ ក្នុង​ ១ ​ខែ​។​ ប្រាក់​ឈ្នួល​កម្មករនិយោជិត​សាកល្បង គឺ​ទទួល​បាន​ ១៩២ ដុល្លារ ក្នុង​ ១ ​ខែ។

ដោយឡែក​ករណី​​​ទិន្នផល​ការងារ​ទទួល​បាន​លើសពី​ចំនួន​ប្រាក់​ឈ្នួល​ដែល​បានកំណត់ គឺត្រូវធ្វើ​ទៅតាម​ចំនួន​លើស​នោះ​។ ប៉ុន្តែ​ប្រសិនបើ​ក្នុង​ករណី​ចំនួន​ប្រាក់ឈ្នួល​កម្មករ​ទាប​ជាង​ការកំណត់​ថ្មី​នេះ គឺ​ត្រូវ​បន្ថែម​ឱ្យ​គ្រប់​ចំនួន ១៩២ ​ដុល្លារ សម្រាប់​កម្មករ​សាកល្បង និង​ ១៩៤ ​ដុល្លារ​ក្នុង​ ១ ​ខែ សម្រាប់​កម្មករ​ពេញសិទ្ធិ​។

ជាមួយ​គ្នា​នេះ ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត​របស់​​កម្មករនិយោជិត ​មិន​ត្រូវ​រាប់​បញ្ចូល​លើ​ប្រាក់​ឈ្នួល​ដែល​បាន​កំណត់​ខាង​លើ​នេះ​ទេ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបញ្ជាក់​ថា បន្ថែមពីលើប្រាក់ឈ្នួលអប្បរមានេះ កម្មករនិយោ​ជិតនឹងបន្តទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ ដុល្លារអាមេរិកក្នុងមួយខែ ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ ដុល្លារអាមេរិកក្នុងមួយខែ។

ជាមួយគ្នានេះ កម្មករ​និយោជិត​ក៏​នឹង​ទទួល​បាន​ប្រាក់​ថ្លៃ​បាយ ​សម្រាប់​ការ​ធ្វើការងារ​បន្ថែម​ម៉ោង​ដោយ​ស្ម័គ្រចិត្តចំនួ​ន​២,០០០រៀលក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារចំនួនពី ២ ដុល្លារអាមេរិកដល់ ១១ ដុល្លារអាមេរិកក្នុងមួយខែសម្រាប់កម្មករ​និយោជិត ដែលបានធ្វើការចាប់ពីឆ្នាំទី២ដល់ឆ្នាំទី១១។ ដូច្នេះហើយ ជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចចំនួនពី ២០៩ដុល្លារអាមេរិកដល់២២០ដុល្លារអាមេរិកក្នុងមួយខែ។ នេះបើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​ គឺ​ជា​ក្បាល​ម៉ាស៊ីន​នៃ​ការ​នាំ​ចេញ​ធំ​បំផុត​លំដាប់​ទី​មួយ​របស់​កម្ពុជា។ វិស័យ​នេះ ​បាន​ស្រូប​យក​កម្លាំង​ពលកម្ម​ប្រមាណ​ជាង ​៨០​ម៉ឺន​នាក់​ដែល​ភាគ​ច្រើន​គឺ​ជា​ប្រជា​ពលរដ្ឋ​មក​ពី​បណ្តា​ខេត្ត​ និង​ជនបទ៕