ដូចការគ្រោងទុក សម្តេច ហ៊ុន សែន នៅព្រឹកនេះទៅជួបមេដឹកនាំយោធាមីយ៉ាន់មា ម៉ីង អ៊ុងឡាំង ដើម្បីដោះស្រាយវិបត្តិជិត១ឆ្នាំ

សង្គម​ និង​សេដ្ឋកិច្ច

ដូចការគ្រោងទុក សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានលើកទី ៣ នៅព្រឹកថ្ងៃទី០៧ ខែមករា ម៉ោង ៧:៤០នាទី បានចាកចេញពីប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសសមាជិកអាស៊ានផងដែរនោះ ខណៈសមាជិក មួយនេះកំពុងរងវិបត្តិនយោបាយជិតមួយឆ្នាំ ក្រោយព្រឹត្តិការ​ណ៍រដ្ឋប្រហារយោធា នៅថ្ងៃទី​១កុ​ម្ភៈ បានរុញច្រានប្រទេសនេះ ឲ្យធ្លាក់ចុះក្នុង​ស្ថានភាព​ចលាចល ព្រមទាំងអាចប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរថែមទៀតផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅពេលនេះ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បាននាំទៅជាមួយជំនួយនូវម៉ាស់ជាង ៣លាន និងគ្រឿងបរិក្ខារមួយចំនួនទៀត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៧ និងថ្ងៃទី០៨ ខែមករានេះធ្វើឡើងតបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ជាន់ខ្ពស់ ម៉ីង អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលមីយ៉ាន់ម៉ា។ ហើយសម្តេច នឹងមានជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ ម៉ីង អ៊ុងឡាំង ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗនៅក្នុងអាស៊ាន

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី នឹងត្រូវអមដំណើរដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។

ទោះយ៉ាងណា ក្រសួងការបរទេសកម្ពុជា មិនបានលើកលំអិតពីរបៀបវារៈនៃដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នៅពេលនេះនៅឡើយទេ។ ប៉ុន្តែកន្លងមក សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ារបស់សម្តេចនាពេលនេះ ចូលរួមវិភាគទានដោះស្រាយវិបត្តិរបស់មីយ៉ាន់ម៉ា ជាពិសេសការនាំមីយ៉ាន់ម៉ា វិលមករកវេទិការបស់អាស៊ានឡើងវិញ បន្ទាប់ពីប្រទេសត្រូវបានអវត្តមានក្នុងវេទិកាអាស៊ាននាឆ្នាំកន្លងទៅ។

សម្តេច ហ៊ុន សែន បានអះអាងថា ការដោះស្រាយវិបត្តិរបស់មីយ៉ាន់ម៉ា គឺត្រូវឈរលើគោលការណ៍រួមទាំង៥ ដែលអាស៊ានបានសម្រេចកាលពីខែមេសា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំកំពូលពិសេសនៅឥណ្ឌូនេស៊ីស្តីពីបញ្ហារបស់មីយ៉ាន់ម៉ា។ គោលការណ៍រួមទាំង៥នោះរួមមាន៖ ទី១. បិទបញ្ចប់អំពើហិង្សា, ទី២. រៀបចំកិច្ចសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធ, ទី៣. បញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងមីយ៉ាន់ម៉ា, ទី៤. តែងតាំងប្រេសិតពិសេសដើម្បីសម្របសម្រួលកិច្ចពិភាក្សា និងទី៥. អនុញ្ញាតឱ្យប្រេសិតពិសេសចូលទៅក្នុងប្រទេសនេះ៕