ត្រីកម្រប៉ាសេអ៊ី ឡើងថ្លៃជាងឆ្នាំទៅមិញ ពី២០ម៉ឺន ដល់៤០ម៉ឺនរៀល ក្នុង១គីឡូ

ព័ត៌មានថ្មីៗ សង្គម​ និង​សេដ្ឋកិច្ច

ត្រីប៉ាសេអ៊ីមានតម្លៃថ្លៃជាងឆ្នាំកន្លងទៅ ដោយចាប់ពី២០ម៉ឺន ដល់៤០ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។ ត្រីប៉ាសេអ៊ីជាប្រភេទត្រីមានស្រកា ហើយមានតែនៅក្នុងទន្លេមេគង្គតែប៉ុណ្ណោះ ដែលប្រជាជនខ្មែរខ្លះបានត្រឹមតែលឺឈ្មោះ និងដឹងត្រឹមថាមានតម្លៃថ្លៃព្រោះជាប្រភេទត្រីដ៏កម្រ មានរសជាតិឆ្ងាញ់ ជាពិសេសក្នុងមួយរដូវមានតែម្ដងទេ ចាប់ពីខែធ្នូទៅដល់ខែមករា ហើយអតិថិជនឬអ្នកទេសចរក្នុងប្រទេសនិយមចូលចិត្ត ទិញយកទៅ បរិភោគ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី សុ វិចិត្រ ប្រធានខណ្ឌជលផលខេត្តស្ទឹងត្រែង បានឨ្យដឹងថា នៅខេត្តស្ទឹងត្រែងមានត្រីសំខាន់ៗជាច្រើនប្រភេទ ហើយឆ្នាំនេះ ត្រីធម្មជាតិមានតម្លៃខ្ពស់ជាងឆ្នាំកន្លងមក ជាពិសេស ត្រីប៉ាសេអ៊ី ត្រីប៉ាវ៉ា និងប្រភេទត្រីសំខាន់ៗផ្សេងៗទៀត។

លោកស្រីគូសបញ្ជាក់ថា៖ ត្រីប៉ាសេអ៊ី មានតែនៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដែលត្រូវបានអ្នកនេសាទ នេសាទបានហើយ ត្រីធំមួយមានចាប់ពី៥ខាំឡើង មានតម្លៃចាប់ពី ២០ ម៉ឺនដល់ ៤០ ម៉ឺនរៀលក្នុងមួយ គីឡូក្រាម។

តាមការឱ្យដឹងពីអ្នកនេសាទនិយាយថា នៅឆ្នាំ២០២១-២០២២នេះ ត្រីខ្សត់ជាងឆ្នាំកន្លងមក ដោយសារនៅប្រទេសឡាវ មានទំនប់វារីអគ្គិសនីផ្នែកខាងលើ ធ្វើឱ្យត្រីមិនអាចចុះមកបានច្រើន។

សូមជម្រាបជូនថា ប្រភេទត្រីប៉ាសេអ៊ីធំៗ អ្នកស្ទឹងត្រែងមិនសូវជាទិញបរិភោគទេ បើលក់បានថ្លៃនោះ មានតែអ្នកមកពីរាជធានីភ្នំពេញ និងអ្នកទេសចរមកពីបណ្ដាខេត្តផ្សេងៗ ដែលពួកគាត់ល្បីថា ត្រីប៉ាស៊ីអ៊ីមានរសជាតិឆ្ងាញ់ទើបពួកគាត់ហ៊ានទិញទៅបរិភោគ។

ពាក់ព័ន្ធនឹងប្រភេទត្រីប៉ាសេអ៊ីដ៏កម្រនេះលោក បូរ៉ា រ៉ស នៅសង្កាត់ស្ទឹងត្រែង អ្នកលក់ត្រីនៅផ្សារសាមគ្គីធំថ្មី ក៏បានឱ្យដឹងដែរថា ត្រីប៉ាសេអ៊ី ទម្ងន់មួយចាប់ពី៣ទៅ៤ខាំ ១គីឡូតម្លៃ៨ម៉ឺនរៀល ទៅដល់ ១០ ម៉ឺនរៀលក៏មានដែរ ទៅតាមថ្ងៃដែលមានត្រីសម្បូរនិងអត់ត្រី ។

គួរំឭកថា ត្រីប៉ាសេអ៊ីពុំមានតម្លៃជាក់លាក់នោះទេ ព្រោះតាមតែអ្នកលក់ដាក់តម្លៃ ១៥ ម៉ឺន២០ម៉ឺន ឬក៏ ៣០ ម៉ឺន ទៅតាមតម្រូវការរបស់អតិថិជនបញ្ជាទិញ។

សូមបញ្ជាក់ថា ធនធានមច្ឆាជាតិក្នុងពេលបច្ចុប្បន្ននេះ ពពួកត្រីកម្រមួយចំនួន កំពុងរងនិងប្រឈមទៅនឹងការផុតពូជ ដូចជាត្រីប៉ាសេអ៊ី ត្រីប៉ាវ៉ា ត្រីក្របី ត្រីកន្រ្តប់ខ្លា ត្រីស្រោមដាវ ត្រីនាគ ត្រីរមាស និងប្រភេទត្រីសំខាន់ៗមួយចំនួនទៀត។