តាមរយៈសារលិខិតអបអររំឮកខួបទី ៤៣ឆ្នាំ នៃទិវាជ័យជម្នះ៧មករា នៅថ្ងៃនេះចំនួនពីរទំព័រ សម្តេច ហ៊ុន សែន បានអះអាងថា កម្ពុជាបានក្រោកឈរស្មើរមុខស្មើមាត់ជាមួយបណ្តាប្រទេស បានចូលរួមដោយស្មើភាព និងស្មើរសិទ្ធិក្នុងរាល់កិច្ចការអន្តរជាតិជាដើម។ សម្តេចបន្តថា ទាំងអស់នេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្រ្តដ៏ធំធេងថ្លៃថ្លាបំផុតរបស់ប្រជាជនកម្ពុជាគ្រប់រូបនៃ គ្រប់ជនជាតិ គ្រប់ជំនឿសាសនា និងគ្រប់និន្នាការនយោបាយទាំងអស់ផងដែរ។
ស្របពេលជាមួយគ្នានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានលើកទី ៣ នៅព្រឹកថ្ងៃទី០៧ ខែមករានេះ បានចាកចេញពីប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសសមាជិកអាស៊ានផងដែរនោះ ខណៈសមាជិកមួយនេះកំពុងរងវិបត្តិនយោបាយជិតមួយឆ្នាំ ក្រោយព្រឹត្តិការណ៍រដ្ឋប្រហារយោធា នៅថ្ងៃទី១កុម្ភៈ បានរុញច្រានប្រទេសនេះ ឲ្យធ្លាក់ចុះក្នុងស្ថានភាពចលាចល ព្រមទាំងអាចប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរថែមទៀតផង។
ក្នុងដំណើរទស្សនកិច្ចនៅពេលនេះ សម្តេច នឹងមានជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ ម៉ីង អ៊ុងឡាំង ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗនៅក្នុងអាស៊ាន។
បើតាមសម្តេច ហ៊ុន សែន ប្រទេសកម្ពុជាដែលពីមុនជាវាលពិឃាដ នៃរបបប្រល័យពូជសាសន៍ជាប្រទេសក្រីក្រ និងជាប្រទេសអន់ថយបំផុតផ្នែកសេដ្ឋកិច្ច តែនាពេលនេះ បានក្លាយទៅជាប្រទេសប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ ឯករាជ្យ បូរណភាពទឹកដី មានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់ថា ទិវាជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា លើរបបប្រឡ័យពូជសាសន៍ ប៉ុល ពត ដែលបានសង្រ្គោះជាតិឲ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា បញ្ចប់សម័យកាលដ៏ខ្មៅងងិតបំផុត ហើយបើកឡើងវិញនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមជាដើម។ ក្នុងសារលិខិតនេះសម្តេចបានគូសបញ្ជាក់ថា លើមូលដ្ឋាននេះ បានធ្វើឲ្យមាតុភូមិយើងអាចងើបឈរឡើងវិញ និងឈានទៅមុខជាជំហានៗ ឆ្លងផុតដំណាក់កាលដែលលំបាកបំផុត មកកាន់ដំណាក់កាលពង្រឹងពង្រីកខ្លួន និងសម្រេចបានការផ្លាស់ប្តូរដ៏ធំធេងជាប្រវត្តិសាស្រ្តប្រកបដោយមោទនភាពជាដើមនោះ។
យ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ បន្តរូបរួមសាមគ្គីគ្នាជាធ្លុងមួយក្រោម ដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិជាទីសេ្នហានៃយើង ឆ្ពោះទៅរកអនាគតដ៏រុងរឿងដែលពុំមានការកើតឡើងជាថ្មីទៀត នូវអំពើប្រល័យពូជសាសន៍ សង្រ្គាម និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុនៗនោះ៕