លោក មីង អ៊ុងឡាំង រៀបចំជប់លៀងជូនប្រមុខដឹកនាំអាស៊ាន សម្តេច ហ៊ុន សែន

សង្គម​ និង​សេដ្ឋកិច្ច

ក្រោយជំនួបជាមួយ សម្តេច ហ៊ុន សែន នៅរាត្រីថ្ងៃទី៧មករា ឆ្នាំ ២០២២ នាយឧត្តមសេនីយ៍ ម៉ីង អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា បានប្រារព្វពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលបានបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីណៃពិដោរ ប្រទេសមីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើទោះបីមិនមានការថ្លែងសុន្ទរកថាក៏ពិតមែន មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា មីយ៉ាន់ម៉ា បានសំដែងនូវការវាយតម្លៃខ្ពស់សាជាថ្មីម្តងទៀត ចំពោះលទ្ធផលនៃជំនួបពិភាក្សាដោយស្មោះត្រង់ទៅស្មោះត្រង់មក លើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា​ ពិសេសទាក់ទិនទៅនិងសភាពការណ៍ ក្នុងប្រទេសមីយ៉ាន់ម៉ា។

ជាមួយគ្នានេះភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាពដែលមានស្រាប់ រវាងប្រជាជនទាំងពីរ ជាពិសេសក្នុងបរិបទ នៃវិបត្តិសុខភាពពិភពលោក។

នាយឧត្តមសេនីយ៍ ម៉ីង អ៊ុងឡាំង បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយសម្ភារៈបរិក្ខាវេជ្ជសាស្រ្ត ដើម្បីជួយដល់ប្រទេសមីយ៉ាន់ម៉ារ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ ១៩។