ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានប្រកាសក្រោយទទួលព័ត៌មានថាពិភពលោកកំពុងរកឃើញមេរោគកូវីដបំប្លែងខ្លួនថ្មីមួយប្រភេទទៀតកូនកាត់រវាងដេលតានិងអូមីក្រុង ខណៈមេរោគកូវីដអូមីក្រុងកំពុងវិវឌ្ឍឆ្លងរាលដាលពាសពេញពិភពលោក។
បើតាមប្រមុខរដ្ឋាភិបាលក្នុងពេលចូលរួមពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ ៥ ពីបាត់ដំបងដល់ក្រុងសិរីសោភ័ណ កម្ពុជាបានរកឃើញមេរោគបំប្លែងថ្មី «អូមីក្រុង» ឆ្លងក្នុងសហគមន៍កម្ពុជា ០៣នាក់បន្ថែមទៀតកាលពីម្សិលមិញ បន្ទាប់ពីរាយការណ៍មួយករណីដំបូងលើបុរសជនជាតិខ្មែរម្នាក់ អាយុ ២៣ ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ការរកឃើញមេរោគបំប្លែងថ្មីដែលមានឈ្មោះបឋមដែលតាអូមីក្រុង បង្កើតក្តីព្រួយបារម្ភថ្មីបន្ថែមទៀត ខណៈមេរោគកូនកាត់ថ្មីនេះមិនទាន់មានស្រាវជ្រាវមានការឆ្លងកម្រិតណានៅឡើយទេ។
ដោយអំពាវនាវឲ្យពលរដ្ឋអនុវត្តវិធានការសុខាភិបាល សម្តេចតេជោ ក៏ឲ្យក្រសួងសុខាភិបាលត្រូវជំរុញល្បឿននៃការចាក់ដូសជំរុញ ហើយត្រូវស្វះស្វែងរកទិញវ៉ាក់សាំងដើម្បីបម្រុងទុកចាក់ជូនដល់ប្រជាពលរដ្ឋ៕