អេស៊ីលីដា ទិញមូលបត្របំណុលមានបុគ្គលធានាតម្លៃ ៣០លានដុល្លារអាមេរិក ពីក្រុមហ៊ុន CAIC ដើម្បីចូលរួមជួយគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ តាខ្មៅ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានាក្នុងតម្លៃ ៣០លានដុល្លារ រវាងក្រុមហ៊ុន CAIC តំណាងដោយឧកញ៉ា វ៉ាន់ ឆារស៍ អគ្គនាយករង និងធនាគារ អេស៊ីលីដា តំណាងដោយលោកបណ្ឌិត អ៊ិន ចាន់នី ជាប្រធានអគ្គនាយក ក្រោមមានអ្នកឧកញ៉ា ពុង ឃាវសែ ដែលជាម្ចាស់គម្រោងសាងសង់ព្រលានយន្តហោះតេជោ តាខ្មៅ កាលពីថ្ងៃចន្ទ ទី១០ មករានេះ។
គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន៣០ភាគរយ ដែលចំណាយទឹកប្រាក់សរុប ៣៩០លានដុល្លារអាមេរិក ខណៈតម្លៃនេះគឺមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចហើយដោយ CAIC នោះឡើយ។
ក្នុងដំណើរចុះពិនិត្យមើលវឌ្ឍនភាពនៃគម្រោងព្រលានយន្តហោះអន្តរជាតិតេជោ កាលពីចុងឆ្នាំ២០២១ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យអ្នកវិនិយោគក្នុងស្រុក និងវិស័យឯកជនចូលរួមវិនិយោគជាមួយ Cambodia Airport Investment Co Ltd លើគម្រោងព្រលានយន្តហោះ។
សម្តេច ហ៊ុន សែន បញ្ជាក់ថា៖ «ខ្ញុំមានគោលដៅមួយ គឺចង់ប្រមូលទុនក្នុងស្រុកដើម្បីធ្វើចេញជាស្នាដៃកូនខ្មែរតែម្តង តាមរយៈទុនក៏ខ្មែរ ការរចនាប័ទ្មសាងសង់ផ្សេងៗចេញពីដៃខ្មែរ ដូចនេះបានជាយើងផ្តល់ការអនុញ្ញាតធានាសម្រាប់ការខ្ចី ការលក់សញ្ញាបណ្ណរបស់ក្រុមហ៊ុនសម្រាប់ទឹកប្រាក់ ៣០០ លានដុល្លារក្នុងអត្រាការប្រាក់ត្រឹម ៥,៥ ភាគរយ»។
ភា្លមៗ ការវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានានៃក្រុមហ៊ុន CAIC ទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគ ជាពិសេសពីវិស័យធនាគារ ដូចជា ធនាគារ ព្រីនស៍ ធនាគារ ABA ធានាគារ ប្រៃសណីយ៍កម្ពុជា និងធនាគារ អេស៊ីលីដា នៅពេលនេះ។
បើតាមអ្នកឧកញ៉ា ពុង ឃាវសែ ធនាគារជាតិនៃកម្ពុជាបានធ្វើការវាយតម្លៃពីហានិភ័យស្មើនឹងសូន្យភាគរយសម្រាប់ការបោះផ្សាយសញ្ញាបណ្ណរបស់ក្រុមហ៊ុន CAIC។
អ្នកឧកញ៉ាបានបញ្ជាក់បន្ថែមថា គិតមកដល់ពេលនេះ គម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះ បានចំណាយថវិកាសាងសង់អស់ប្រមាណ ៣៧៥ ដុល្លារហើយនៃទំហំទឹកប្រាក់សម្រាប់សាងសង់គម្រោង ១ ៥០០ លានដុល្លារ។ បច្ចុប្បន្នទុនវិនិយោគទាំងនេះ គឺអាស្រ័យទាំងស្រុងទៅលើទុនរបស់ក្រុមហ៊ុន CAIC ហើយក្នុងឆ្នាំ ២០២២ ក្រុមហ៊ុនគ្រោងនឹងចំណាយថវិកាបន្ថែមចំនួន ៤៦៧ លានដុល្លារទៀត ដែលជាមធ្យមត្រូវការចំណាយ ១,២ លានដុល្លារក្នុង ១ ថ្ងៃ៕