រដ្ឋភិបាលជប៉ុនបានសម្រេចផ្ដល់ឥណទានសម្បទានដែលមានទឹកប្រាក់សរុបចំនួន២០ប៊ីលានយ៉េន ឬប្រមាណជា ១៨៥ លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា អនុវត្តគម្រោងគាំទ្របន្តឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ ដំណាក់កាលទី២។
លិខិតប្ដូរសារនៃគម្រោងនេះត្រូវបានចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅវិមានសន្តិភាព។
ថវិកាកម្ចីនេះនឹងប្រើប្រាស់សម្រាប់គាំទ្រសកម្មភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងផលប៉ះពាល់សុខភាព, សង្គម និងសេដ្ឋកិច្ច ដោយសារជំងឺកូវីដ-១៩ ជាពិសេសលើជំនួយសង្គមសម្រាប់ពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះមានដូចជា៖ ប្រជាពលរដ្ឋមានជីវភាពស្ថិតក្រោមបន្ទាត់ភាពក្រីក្រ, ចាស់ជរា, ស្ត្រី, កុមារ និងជនជាតិដើមភាគតិចជាដើម។
តាមរយៈការប្រើប្រាស់ឥណទានសម្បទាននេះ សេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសកម្ពុជានឹងងើបឡើងវិញយ៉ាងឆាប់រហ័សជាមួយការពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ ការគាំទ្រផ្នែកសង្គមសម្រាប់ជនក្រីក្រ និងងាយរងគ្រោះ និងការផ្តល់ការគាំទ្រផ្នែក ហិរញ្ញវត្ថុដល់សហគ្រិនរួមទាំងសហគ្រាសធុនតូច និងមធ្យម។ ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាដែលកំពុងបន្តការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ ឋស្របគ្នានឹងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលគឺមានសារៈសំខាន់ណាស់។
ជប៉ុនមានបំណងបន្តគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដោយប្រើប្រាស់គ្រោងការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនានា៕