នៅសល់ ៤ថ្ងៃកិច្ចប្រជុំចូលមកដល់រដ្ឋមន្ត្រីរំពឹងថានឹងជួយផ្សព្វផ្សាយពីកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាពក្នុងតំបន់អាស៊ាន

សង្គម​ និង​សេដ្ឋកិច្ច

នៅសល់រយៈពេលតែ៤ថ្ងៃទៀតតែប៉ុណ្ណោះ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ នឹងឈានមកដល់ហើយ ខណៈកម្ពុជា បានត្រៀមរៀបចំព្រឹត្តិការណ៍នេះស្ទើរតែរួចរាល់១០០% ទោះបីមានការរំខានពីបញ្ហាកូវីដបំប្លែងថ្មី «អូមីក្រុង» នៅក្នុងសហគមន៍ខ្លះៗយ៉ាងណាក៏ដោយ។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ នឹងត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករានេះ។ ពិធីបើកជាផ្លូវការនៃវេទិកាទេសចរណ៍នេះក្រោមអធិបតីភាពសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រៅកម្ពុជា នាថ្ងៃទី១៨ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ថោង ខុន បានបង្ហាញសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន។ លោកថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ។

តែយ៉ាងណាមិញ ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំ កម្ពុជា ក៏បានត្រៀមធ្វើតេស្តរកមេរោគកូវីដ១៩ ដល់ប្រតិភូអាស៊ាន និងអ្នកចូលរួមជាតិ-អន្តរជាតិទាំងអស់ដែលចូលរួមក្នុងព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ាននេះ ដោយនៅមុនពេលធ្វើដំណើរមកប្រទេសកម្ពុជា អ្នកចូលរួមទាំងអស់ត្រូវមានប័ណ្ណ ឬឯកសារបញ្ជាក់ថាបានទទួលការចាក់វ៉ាក់សាំង និងត្រូវធ្វើតេស្ត PCR រយៈពេល៧២ម៉ោងមុនធ្វើដំណើរមកដល់កម្ពុជា។ បន្ថែមលើនេះ នៅពេលមកដល់ប្រទេសកម្ពុជា ត្រូវទទួលការធ្វើតេស្តដោយមន្ត្រីសុខាភិបាលកម្ពុជានៅអាកាសយានដ្ឋាន។

ម្យ៉ាងទៀត ប្រសិនបើមានអ្នកវិជ្ជមានកូវីដ១៩ ក្រុមមន្ត្រីចំពោះកិច្ចនឹងបញ្ជូនឱ្យពួកគេទៅសម្រាកព្យាបាលនៅសណ្ឋាគារក្រវាន់ ដែលមណ្ឌលព្យាបាលជំងឺកូវីដ១៩នៅរាជធានីភ្នំពេញ ប៉ុន្តែប្រសិនធ្វើតេស្តនៅអាកាសយានដ្ឋានអន្តរជាតិកងកេង គឺត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅផ្នែកដាច់ដោយឡែកមួយនៅសណ្ឋាគារសុខាខេត្តព្រះសីហនុ។ អ្នកដែលធ្វើតេស្តអវិជ្ជមាននឹងទទួលបានប័ណ្ណបញ្ជាក់សម្រាប់ពាក់ជាប់តាមខ្លួន មុននឹងអនុញ្ញាតឱ្យចូលក្នុងទីតាំងរៀបចំកម្មវិធី។

គួរជម្រាបថា កិច្ចប្រជុំនេះ មានការចូលរួមដោយផ្ទាល់ពីរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងមន្រ្តីជាន់ខ្ពស់ពីប្រទេសសមាជិកអាស៊ានទាំង១០ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងនោះប្រតិភូអន្តរជាតិចូលរួមកិច្ចប្រជុំមានចំនួន១២៣រូប ហើយសម្រាប់ការតាំងពិព័រណ៌ទេសចរណ៍ (TRAVEX) មានអ្នកលក់ (Sellers) សរុបចំនួន១៨៧ស្តង់ អ្នកទិញ (Buyers) ចំនួន៤០ក្រុមហ៊ុន សារព័ត៌មានសរុបចំនួន២០ស្ថាប័ន សរុបភ្ញៀវចូលរួមមានចំនួន៣២២នាក់ មកពីប្រទេសចំនួន២៧។

ឣំឡុងពេលនៃវេទិកាទេសចរណ៍អាស៊ាននេះ ក្រៅពីកិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូកមួយ (អាស៊ាន-ឥណ្ឌា) កិច្ចប្រជុំអាស៊ាន-រុស្ស៉ី កិច្ចប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំជាមួយផ្នែកឯកជន និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិក៏នឹងមានកម្មវិធីដាំដើមឈើ កម្មវិធីវាយកូនគោលរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងដំណើរទស្សនកិច្ចទៅកាន់កោះនានាផងដែរ ដែលជាការបោះជំហានដ៏ធំបង្ហាញពីការត្រៀមរួចរាល់របស់កម្ពុជា និងអាស៊ានទាំងមូលក្នុងការបើកទេសចរណ៍អន្តរជាតិឡើងវិញ៕