ក្រុមហ៊ុនអូស្រ្ដាលី Renaissance Mineral Limited (Cambodia) ចម្រាញ់រ៉ែមាសបានជិត ១៥០០គីឡូក្រាម ក្នុងរយៈពេល ៧ខែដំបូង ខណៈក្រសួងរ៉ែនិងថាមពល បន្តដាក់ក្តីរំពឹងខ្ពស់ថា ដំណើរផលិតកម្មចម្រាញ់រ៉ែមាសនឹងនៅតែអាចសម្រេចបានទៅតាមផែនការដែលគ្រោងទុក គឺ៣តោននៅក្នុង១ឆ្នាំ។ នេះបើតាមលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក្នុងពិធីប្រគល់ទទួលអគារទីស្តីការក្រសួងរ៉ែ និងថាមពល ទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃសុក្រ ទី១៤ មករាម្សិលមិញ។

លោក ស៊ុយ សែម ថ្លែងថា ការចម្រាញ់រ៉ែមាសនៅកម្ពុជានៅខេត្តមណ្ឌលគីរី ដោយក្រុមហ៊ុនអូស្រ្តាលី Renaissance Mineral គឺមានប្រមាណជិត ១៥០០គីឡូ ឬស្មើនឹង ១១០ដុំមាស ក្នុងរយៈពេលជាង ៧ខែ កន្លងមកនេះ។ ខណៈដែលក្រុមហ៊ុនអូស្រ្តាលីមួយនេះបានអះអាងថា អាចផលិតមាសសុទ្ធបាន ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំដំបូង។ ក្រុមហ៊ុននេះអះអាងទៀតថា នឹងពង្រីកអាជីវកម្មរបស់ខ្លួនឲ្យកាន់ធំថែមទៀតក្រោយរយៈពេល៨ឆ្នាំដំបូងនេះដោយមាសនឹងត្រូវនាំចេញទៅបន្សុទ្ធនៅក្រៅប្រទេស ដូចជាប្រទេសសឹង្ហបុរី និងអូស្ត្រាលីជាដើម។
អាជីវកម្មរ៉ែមាសដ៏ធំ និងជាលើកដំបូងនេះ វិនិយោគដោយក្រុមហ៊ុនអូស្ត្រាលីឈ្មោះ Renaissance Minerals Limited (Cambodia) ស្ថិតនៅតំបន់ អូខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវដាក់ឲ្យដំណើរការចម្រាញ់រ៉ែមាសចាប់ពីថ្ងៃទី២១ ខែមិថុនា ២០២១កន្លងទៅ។ ក្រុមហ៊ុន Renaissance Minerals ជាក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសខ្នាតអន្តរជាតិ ដោយផលិតចេញជាមាសដុំពាក់កណ្តាលសម្រេច៩០% ។

នៅក្នុងសារខិលិត៣ទំព័រ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា នេះជាមោទនភាពសម្រាប់កម្ពុជាក្នុងការដាក់ឲ្យដំណើរការរោងចក្រចម្រាញ់រ៉ែមាសជាលើកដំបូងរបស់ខ្លួន។ ប្រមុខរាជរដ្ឋាភិបាល កម្ពុជារំពឹងថា នឹងទទួលបានផលប្រយោជន៍ជាចំណូលដុលជាមធ្យម ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិ ពីសួយសារ និងសារពើពន្ធផ្សេងៗប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ។
បើតាមសម្តេច ហ៊ុន សែន ការធ្វើអាជីវកម្មរ៉ែមាស គឺត្រូវការការវិនិយោគប្រកបដោយវិជ្ជាជីវៈ និងមានបច្ចេកទេសខ្ពស់។ សម្តេចបន្តថា ការធ្វើអាជីវកម្មរ៉ែមាស ជាលក្ខណៈប្រពៃណីយ គឺមានហានិភ័យខ្ពស់ និងបង្កផលប៉ះពាល់ដល់បរិស្ថានថែមទៀតផង។ ទន្ទឹមនឹងនោះ សម្តេចក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋបោះបង់ចោលនូវបំណងធ្វើអាជីវកម្មរ៉ែជាលក្ខណៈគ្រួសារ ខណៈការធ្វើអាជីវកម្មរ៉ែមាសខ្នាតអន្តរជាតិ នៅតំបន់អូខ្វាវត្រូវបានប្រមុខរដ្ឋាភិបាលបញ្ជាក់ថា ជាគំរូមួយសម្រាប់នាំមុខដល់ការធ្វើអាជីវកម្មរ៉ែដទៃទៀត តាមគោលការណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាព។
អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ លោក អ៊ឹង ឌីប៊ូឡា ថ្លែងបញ្ចាក់សារព័ត៌មានក្នុងស្រុកថា មានក្រុមហ៊ុន រុករករ៉ែមាសចំនួន ៤បន្ថែមទៀត នឹងចាប់ផ្តើមធ្វើអាជីវកម្មចម្រាញ់រ៉ែមាសជាផ្លូវការរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២២នេះ ក្នុងនោះ ៣ក្រុមហ៊ុន ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន មានទីតាំងនៅខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី និងមួយទៀត ជាក្រុមហ៊ុនឥណ្ឌា ដែលមានទីតាំង នៅខេត្តរតនគិរី៕