ធនាគារជាតិនៃកម្ពុជា បានដាក់លក់ប្រាក់ដុល្លារអាមេរិកជាង ៥០០លាន ជាមួយវិស័យធនាគារនានា ដើម្បីជួយរក្សាតុល្យភាពនៃអត្រាប្តូរប្រាក់នៅកម្ពុជា សម្រាប់ឆ្នាំ២០២១។ ជាការកត់សម្គាល់ ប្រាក់ដុល្លារអាមេរិកនាពេលចុងក្រោយនេះបានឡើងថ្លៃដល់ ៤១០០រៀល ក្នុងមួយដុល្លារ។
ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ នៅថ្ងៃព្រហស្បតិ៍ ទី១៣ មករា លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ធនាគារជាតិ បានធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ តាមរយៈការលក់ប្រាក់ដុល្លារអាមេរិកជាង ៥០០ លាន ដើម្បីស្រូបយកប្រាក់រៀលពីសេដ្ឋកិច្ច និងរក្សាអត្រាប្តូរប្រាក់ទីផ្សារឱ្យមានស្ថិរភាពក្នុងរង្វង់ ៤.០៩៩ រៀលក្នុងមួយដុល្លារអាមេរិក។
បើតាមលោក ជា ចាន់តូ ការបញ្ចេញរូបិយប័ណ្ណដុល្លារអាមេរិកលើទីផ្សារនេះ បានចូលរួមចំណែកធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជា សម្រេចបានក្នុងរង្វង់៣ភាគរយនៅឆ្នាំ ២០២១ បន្ទាប់ពីកាលពីឆ្នាំ ២០២០ ធ្លាក់ដល់៣,១ភាគរយ និងអាចគ្រប់គ្រងបាននូវសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ ឬហៅថា អតិផរណា ឱ្យនៅក្នុងកម្រិតទាបក្នុងរង្វង់ ២,៩ ភាគរយ។
លោកបន្តថា កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថា សម្រេចបានក្នុងរង្វង់ ៣% នៅឆ្នាំ២០២១ ធៀបនឹង -៣,១% ឆ្នាំ២០២០ ជាមួយអត្រាអតិផរណា ២,៩% ដែលជាកម្រិតទាប អាចគ្រប់គ្រងបាន។
លោក ជា ចាន់តូ គូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ មានភាពល្អជាងឆ្នាំ២០២០ ដែលគាំទ្រដោយការងើបឡើងនៃសេដ្ឋកិច្ចពិភពលោកដែលបានជួយជំរុញការនាំចេញ គួបផ្សំនិងការអនុវត្តប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនូវវិធានការគាំទ្រសេដ្ឋកិច្ច វិធានការគ្រប់គ្រងការឆ្លងរាលដាលនៅក្នុងសហគមន៍ និងការសម្រេចចាក់វ៉ាក់សាំងដល់ប្រជាជនបានប្រមាណ ៩០% នៃប្រជាជនសរុប ដែលបានបើកឱ្យសកម្មភាពសេដ្ឋកិច្ចដំណើរការឡើងវិញជាលំដាប់។
ធនាគារអភិវឌ្ឍន៍អាស៊ី ADB ធ្លាប់បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងស្ថិតក្នុងរង្វង់ ៥,៥% ក្នុងឆ្នាំ ២០២២ នេះដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការសម្រាប់ការនាំចេញរបស់ប្រទេសកម្ពុជា។
ទោះយ៉ាងណា លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានឱ្យដឹងថា ការដេញថ្លៃប្រាក់ដុល្លារ ជាពិសេសក្នុងអំឡុងស្ថានភាពជំងឺកូវីដ-១៩នេះ គឺមានសារៈប្រយោជន៍ណាស់ បើអាស្រ័យទៅតាមគោលនយោបាយរូបិយវត្ថុជាតិ ដែលធនាគារជាតិបានអនុវត្ត។ លោកបណ្ឌិត អ៊ិន ចាន់នី បន្ថែមទៀតថា ការដាក់ដេញថ្លៃបែបនេះ ក៏ជាវិធានការមួយសម្រាប់រក្សាតម្លៃប្រាក់រៀលក្នុងប្រទេសកម្ពុជា និងធ្វើឱ្យប្រាក់រៀលមានតម្លៃ និងស្ថិរភាពល្អ បើប្រៀបធៀបជាមួយរូបិយប័ណ្ឌបរទេសជាពិសេសគឺ ប្រាក់ដុល្លារ។
ជាការឆ្លើយតបឱ្យទាន់ពេលវេលា និងដើម្បីជៀសវាងការបម្រែបម្រួលដោយគំហុក ដែលអាចនាំអោយមានឥទ្ធិពលដោយប្រយោលដល់អតិផរណាបច្ចុប្បន្ន និងអំណាចទិញរបស់ប្រជាជន ធនាគារជាតិនៃកម្ពុជា ក៏បានកំពុងប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុផ្សេងទៀត ដើម្បីចូលរួមកាត់បន្ថយសម្ពាធនេះជាអតិបរមា ក្រៅតែពីការដេញថ្លៃប្រាក់ដុល្លារ។
លោក ជា ចាន់តូ បញ្ជាក់បន្ថែមថា៖ ធនាគារជាតិនៃកម្ពុជាបានបន្តដាក់ចេញវិធានការបុរេសកម្មនានា ដូចជាការបន្តការបន្ធូរបន្ថយបទប្បញ្ញត្តិ និងការអនុវត្តនយោបាយរូបិយវត្ថុវិត្ថារកម្ម ដែលផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានសាច់ប្រាក់គ្រប់គ្រាន់ សម្រាប់ពង្រឹងស្ថានភាពដើមទុន និងលើកកម្ពស់សមត្ថភាពគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព ព្រមទាំងបន្តអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះរៀបចំឥណទានឡើងវិញ សរុបចំនួន ៣៧០.៧៨៥ គណនី ស្មើនឹង ២២,៤ ទ្រីលានរៀល (៥,៥ ប៊ីលានដុល្លារអាមេរិក) ដែលបានសម្រាលបន្ទុករបស់ប្រជាពលរដ្ឋនិងអាជីវកម្មបានមួយកម្រិត។
លើសពីនេះទៅទៀត ស្របតាមដំណើរការសេដ្ឋកិច្ចនិងការរស់នៅតាមគន្លងថ្មី ធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍនិងអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិកត្រូនិក ដែលបានសម្រួលដល់ការទូទាត់និងការផ្ទេរប្រាក់ ក្នុងប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគទាំងក្នុងនិងក្រៅប្រទេស៕