នៅក្នុងជំនួបនាពេលនេះជាមួយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ នាថ្ងៃពុធនេះ លោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន បានវាយតម្លៃខ្ពស់ដល់កិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសគ្រប់រូប ដែលជាកត្តាសំខាន់ឈានដល់ការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ដោយផ្តោតសំខាន់លើវិស័យទេសចរណ៍។
លោកបានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងនៅពេលនេះរបស់កម្ពុជា គឺជាការសម្រួលដល់ការធ្វើដំណើរក្នុងតំបន់ និងក៏ដូចជាជួយទ្រទ្រង់លើវិស័យសហគ្រាសធុនតូច និងមធ្យម។
អគ្គលេខាធិការអាស៊ាន រូបនេះបានគូសបញ្ជាក់ពីសារៈសំខាន់ផងដែរ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានទាក់ទងនឹងបរិវត្តកម្មឌីជីថល ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់រឹងមាំនៃតំបន់។ បន្ថែមលើនេះ លោកក៏បានអបអរសាទរ ចំពោះលទ្ធផលនៃ កិច្ចប្រជុំចង្អៀតឧត្តមមន្រ្តីអាស៊ាន និងបានបញ្ជាក់ពីការបេ្តជ្ញាបន្តកិច្ចសហការដ៏ល្អប្រសើរ ព្រមទាំងជំហរគាំទ្ររបស់លេខាធិការដ្ឋានអាស៊ាន សម្រាប់កម្ពុជាក្នុងភាពជាប្រធានអាស៊ាន ក្នងឆ្នាំ២០២២។
ជាមួយគ្នានេះ លោក ប៉ាន សូរស័ក្តិ ក៏បានប្រាប់អគ្គលេខាធិការអាស៊ានអំពីបច្ចុប្បន្នភាពការងារការត្រៀមរៀបចំដើម្បីដឹកនាំកិច្ចប្រជុំនានាក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្រោមភាពជាប្រធានអាស៊ានឆ្នាំ២០២២របស់កម្ពុជា និងសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដែលកម្ពុជាបានស្នើ ក្រោមសមត្ថកិច្ចសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោករដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ក៏បានអះអាងអំពីការបន្តកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន គឺដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តនូវគំនិតផ្តួចផ្តើមនានាដែលស្ថិតក្រោមយុទ្ធសាស្រ្តទូលំទូលាយទាំង ៥ ស្ថិតក្រោមក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ជាពិសេសការចូលជាធរមាននិងការអនុវត្តពេញលេញ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ពីភាគីទាំងអស់ និងកិច្ចព្រមព្រៀងផ្សេងៗទៀត៕