លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ដើម្បីជំរុញឲ្យវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចនៅក្នុងតំបន់ ក៏ដូចជានៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងបរិបទនៃសាកលភាវូបនីយកម្ម និងការវិវត្តនៃវិទ្យាសាស្រ្តនាពេលបច្ចុប្បន្ន ក្រសួងសាធារណការ បាននឹងកំពុងបណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ។ ក្នុងន័យនេះ លោកចង់សំដៅទៅលើការដោះស្រាយបញ្ហាវិបត្តិកង្វះអ្នកបច្ចេកទេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូននាពេលបច្ចុប្បន្ន និងនាពេលអនាគត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ លោកលើកឡើងបែបនេះនៅក្នុងកម្មវិធីវឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន ក្រោមប្រធានបទ៖ “តើវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនមានជំនាញអ្វីខ្លះសម្រាប់យុវជនជ្រើសរើសសិក្សា?” នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកមករានេះ។
លោក ហឿន សំនៀង ក៏បានវាយតម្លៃខ្ពស់ពីសារសំខាន់នៃកត្តាសុខសន្តិភាពក្នុងការជួយរុញច្រាននាវាកម្ពុជាឱ្យធ្វើដំណើរឆ្ពោះទៅអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចនៅក្នុងតំបន់ និងនៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់ រហ័សក្នុងបរិបទនៃសាកលភាវូបនីយកម្ម និងការវិវត្តនៃវិទ្យាសាស្រ្តនាពេលបច្ចុប្បន្ន។ លោកបន្តថា៖ “ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកែប្រែប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍នៅក្នុងឆ្នាំ២០៥០ កម្ពុជាត្រូវកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈរួមមាន ផ្លូវ ថ្នល់ ស្ពាន សំណង់សិល្បៈការ្យ ប្រព័ន្ធចម្រោះទឹកកខ្វក់ និងប្រព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ ផ្លូវដែក និងភស្តុភា កម្ម ឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងជាតម្រូវការយ៉ាងចាំបាច់សម្រាប់កម្ពុជា“។
លោកបានគូសបញ្ជាក់ផងដែរអំពីគោលបំណង និងការតាំងចិត្តដ៏មុះមុតប្រកបដោយ ចក្ខុវិស័យច្បាស់លាស់ និងជំនឿទុកចិត្តមុតមាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងការបង្កើតវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ និងមានសីលធម៌ អត្តចរិក ចរិយាសម្បត្តិត្រឹមត្រូវ ថ្លៃថ្នូរសំដៅដោះស្រាយបញ្ហាវិបត្តិកង្វះអ្នកបច្ចេកទេស ក្នុងវិស័យ សាធារណការ និងដឹកជញ្ជូននាពេលបច្ចុប្បន្ន និងនាពេលអនាគត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
លោក ហឿន សំនៀង បញ្ជាក់ក្នុងន័យដើមយ៉ាងដូច្នេះថា៖ “ជាមួយនឹងការតាំងចិត្តខ្ពស់របស់ថ្នាក់ដឹកនាំយើងលើការកសាងធនធានមនុស្សឱ្យមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំ ទូលាយក្លាយទៅជាអ្នកបន្តវេនប្រកបសក្កានុពល កូនខ្មែរពិតជាអាចកសាងផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតសម្រាប់ប្រើប្រាស់ដោយខ្លួនឯងបាន ស្របទៅនឹងពាក្យស្លោកដ៏ថ្លៃថ្លារបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានលើកឡើងនៅឯខេត្តព្រះសីហនុក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋា រចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ កាលពីពេលថ្មីៗកន្លងនេះថា៖ “ខ្មែរធ្វើបាន”…..”។
លោកបញ្ជាក់បន្ថែមថា៖ “យុវជនយើងធ្វើបាន ដោយហេតុថា ដូនតាបុព្វបុរសរបស់យើងមានសមត្ថភាពកំពូលអាចសាងសង់ប្រាសាទអង្គរវត្ត ប្រាង្គប្រាសាទនានា ជាច្រើនទៀតដ៏ស្រស់បំព្រងប្រកបដោយក្បាច់រចនាសិល្បៈល្អឯក គុណភាពរឹងមាំជាប់បានយូរអង្វែង និងល្បីល្បាញពាសពេញពិភពលោក ដូច្នេះយុវជនយើងពិតជាធ្វើបាន“។
តែយ៉ាងណាក៏ដោយ ដើម្បីឆ្លើយតបបញ្ហានេះ នាយកវិទ្យាស្ថាន លោក ហឿន សំនៀង បានលើកឡើងថា វិទ្យាស្ថានបានដាក់ចេញយុទ្ធសាស្ត្រចំនួនបី ដើម្បីបណ្ដុះបណ្ដាលកូនខ្មែរឱ្យក្លាយទៅជាអ្នកបន្តវេនប្រកបដោយសក្កានុពលសម្រាប់កម្ពុជា ក្នុងនោះរួមមានទី១ វិទ្យាស្ថានខ្លួនឯងផ្ទាល់ត្រូវមានសមត្ថភាព និងលទ្ធភាពពេញ លេញក្នុងការទ្រទ្រង់ការបណ្ដុះបណ្ដាលមនុស្សជំនាន់ក្រោយ ទី២ សាស្ត្រាចារ្យខ្លាំង ប្រកបដោយសមត្ថភាព មានទឹកចិត្តបង្កប់នូវដួងព្រលឹងរបស់ដូនតាខ្មែរ ក្នុងការផ្ទេរពុទ្ធិរបស់ខ្លួនដល់អ្នក ជំនាន់ក្រោយ ផ្ទេរទាំងចំណេះដឹង ផ្ទេរទាំងចំណេះធ្វើ មានទាំងបេះដូងប្រកបដោយស្មារតីទទួលខុសត្រូវ សីលធម៌ គុណធម៌ ដូច្នេះវិទ្យាស្ថានត្រូវតែជ្រើសរើសសាស្ត្រាចារ្យយ៉ាងសម្រិតសម្រាំងបំផុត និងទី៣ កត្តា និស្សិតខ្លួនឯងផ្ទាល់ លោកថា វិទ្យាស្ថានត្រូវជ្រើសរើសនិស្សិតឱ្យចូលរៀនឆ្លងកាត់ការប្រឡង ដើម្បីរើសគ្រាប់ពូជល្អ និស្សិតត្រូវខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត លះបង់ពេលវេលា ខិតខំប្រឹងប្រែងតស៊ូ រៀនសូត្រឱ្យខ្លាំងពូកែ ដើម្បីឆ្លើយតបនឹងគោលបំណង និងធ្វើខ្លួនឱ្យសាកសមជាអ្នកបន្តវេនកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កម្ពុជានាពេលអនាគត៕