ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅយប់ថ្ងៃសុក្រ ទី២១ មករានេះ បានប្រកាសកែប្រែសម្រួលលក្ខខណ្ឌព្យាបាលជំងឺមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង សម្រេចឲ្យព្យាបាលនៅតាមផ្ទះ និងជនបរទេសក៏អនុញ្ញាតឱ្យទៅព្យាបាលនៅតាមសណ្ឋាគារ ស្ថានទូត ឬនៅតាមកន្លែងដែលពួកគាត់ជ្រើសរើស។ ខណៈកាលពីពេលមុនក្នុងដំណាក់កាលតាមដានស្ថានភាពនៃការវាយប្រហាររបស់ជំងឺកូវីដ១៩នោះ សម្តេចបានចេញបទបញ្ជាឱ្យអ្នកជំងឺអូមីក្រុងទាំងអស់ត្រូវតែព្យាបាលនៅតាមមន្ទីរពេទ្យ។
ការប្រកាសកែប្រែលក្ខខណ្ឌនៅពេលនេះរបស់ប្រមុខដឹកនាំកម្ពុជា ក្រោយសង្កេតឃើញស្ថានភាពអ្នកជំងឺកើតមេរោគនេះ មិនមានសភាពធ្ងន់ធ្ងរនៅឡើយសម្រាប់កម្ពុជា។
ជាមួយគ្នានេះ សម្តេចក៏បានណែនាំឲ្យក្រសួងសុខាភិបាលកម្ពុជា ចេញនូវសេចក្តីណែនាំបន្ថែមដល់អ្នកជំងឺអូមីក្រុង ដែលកំពុងស្ថិតនៅតាមមន្ទីរពេទ្យបច្ចុប្បន្ននេះ ជាជនបរទេស ឬក៏ជាជនខ្មែរ ហើយបើចង់ចាកចេញពីមន្ទីរពេទ្យទៅព្យាបាលនៅតាមផ្ទះ ឬនៅតាមសណ្ឋាគារ ក៏សូមអនុញ្ញាតឱ្យចេញចាប់ពីយប់នេះតទៅ។
តែយ៉ាងណា សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះមិនមែនអនុញ្ញាតឱ្យដើរលេងតាមចិត្តនោះទេ គឺគ្រាន់តែផ្ទេរពីមន្ទីរពេទ្យទៅព្យាបាលតាមសណ្ឋាគារ ឬព្យាបាលនៅតាមផ្ទះ ឬព្យាបាលនៅកន្លែងផ្សេងក្រៅពីមន្ទីរពេទ្យតែប៉ុណ្ណោះ។ លើសពីនេះសម្តេចបង្ហាញក្តីសង្ឃឹមខ្ពស់ថា ភ្ញៀវបរទេសដែលចូលមកកម្ពុជា នឹងមិនព្រួយបារម្ភពីការដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យ ក្នុងករណីរកឃើញកើតមេរោគបំប្លែងថ្មីអូមីក្រុង៕