ក្រសួងសាធារណការ និងដឹកជញ្ជូន ប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី។ ដើម្បីពន្លឿនដោះស្រាយជុំវិញបញ្ហានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាជាមួយសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) និងក្រុមហ៊ុនឯកជនធំៗ រួមមានក្រុមហ៊ុន HGB Group ក្រុមហ៊ុន Mercedes នៅថ្ងៃចន្ទ ទី២៤ ខែមករានេះ។

ថ្លែងក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងអំពីការរៀបចំសេចក្តីព្រាងគោល នយោបាយដឹកជញ្ជូនផ្លូវគោក ដើម្បីជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី (EV) ក្នុងការចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នកាបូន កិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ UNDP ដើម្បីដំឡើងស្ថានីយសាកថ្ម Evs ចំនួន៥តាំង ដែលមាននៅទីស្តីការក្រសួងសាធារណការ និងបណ្តារាជធានី-ខេត្តមួយចំនួន គម្រោងដំឡើង ស្ថានីយថ្ម EV នៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងដាក់ឱ្យប្រើប្រាស់ក្នុងខែកញ្ញា ឆ្នាំ២០២២ ដោយសហការជាមួយស្ថានីយប្រេងឥន្ធនៈ PTT និងគម្រោងដំឡើងស្ថានីយសាកថ្ម EV នៅក្នុងរាជធានីចំនួន១០ទីតាំង ដោយសហការជាមួយវិស័យឯកជន។
បើតាមលោក ស៊ុន ចាន់ថុល រាជរដ្ឋាភិបាលមានការបើកចំហរទូលំ ទូលាយដល់វិនិយោគិនទាំងក្នុងស្រុក ក៏ដូចជាក្រៅស្រុកវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណើរការរថយន្តដើរដោយថាមពលអគ្គិសនី។ លោកបានបន្ថែមបញ្ជាក់ពីតួនាទីនាំមុខ និងការប្តេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ក្រសួងសាធារណការ ក្នុងការជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ។

ជាមួយគ្នានោះផងដែរ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា និងវិស័យឯកជន បានស្នើឱ្យក្រសួងជួយពិនិត្យ និងសម្របសម្រួលលើការងារបច្ចេកទេសពាក់ព័ន្ធនឹងការដំឡើងឧបករណ៍ស្តង់ដារួម (យថាប្រភេទតែមួយ) ដែលអាចឱ្យរថយន្តដើរដោយថាមពលអគ្គិសនីគ្រប់ប្រភេទទាំងអស់ដោតសាកថ្ម EVs នៅតាមស្ថានីយសាកថ្មណាមួយក៏បាន និងបានស្នើឱ្យមានគោលនយោបាយសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនីផងដែរ។

ជុំវិញការស្នើសុំនេះ លោកទេសរដ្ឋមន្ត្រី បានណែនាំឱ្យសហព័ន្ធសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធសំដៅដោះស្រាយបញ្ហាដើម្បីជំរុញលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីបានទូលំទូលាយ និងទាក់ទាញចំណាប់អារម្មណ៍ខ្ពស់ពីវិស័យឯកជន ក៏ដូចជាសាធារណជនជាទូទៅ៕