ភ្នំពេញ ៖ ប្រជាពលរដ្ឋម្ចាស់ដីជាង១០០គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ បានបន្តប្រមូលផ្តុំគ្នាតវ៉ា និងសម្តែងការមិនពេញចិត្តជាខ្លាំង ចំពោះសំណងរបស់រាជរដ្ឋាភិបាល ដែលផ្តល់ឲ្យពួកគាត់តាមរយៈអន្តរក្រសួង។ការប្រមូលផ្ដុំការតវ៉ាខាងលើនេះគឺធ្វើឡើង នៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះស្ថិតនៅភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ការមិនពេញចិត្តនឹងសំណងនេះ ដោយសារដីដែលពួកគាត់ធ្លាប់ទិញកាលពីប្រមាណ២ឆ្នាំមុន ពីក្រុមហ៊ុនលក់ដីឡូតិ៍ឯកជនមួយមានតម្លៃ១២០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ខណៈមកដល់ពេលនេះដីនៅតំបន់នោះមានតម្លៃរហូតដល់ទៅ ១៧០ដល់ ១៩០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបែរជាទទួលបានសំណងត្រឹមតែ ៩៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េទៅវិញ។

ប្រជាពលរដ្ឋ បន្តថា កាលពីពេលថ្មីៗនេះ អន្តរក្រសួងដែលតំណាងរាជរដ្ឋាភិបាល រួមមាន ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់គម្រោងផ្លូវនេះ បានទៅប្រាប់ប្រជាពលរដ្ឋរងគ្រោះថា នឹងសងសំណងដល់ពួកគាត់ក្នុងតម្លៃ ៩៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ហើយបើមិនព្រមយកទេ ច្បាស់ជានៅបន្តអូសបន្លាយ មិនដឹងដោះស្រាយចប់ពេលណាឡើយ។

លោក សុខុម តារា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ថា បើប្រៀបធៀបនឹងទីផ្សារដីធ្លីបច្ចុប្បន្នកំពុងមានតម្លៃថ្លៃ ដូច្នេះការសងសំណងបែបនេះ ធ្វើឲ្យពួកគាត់មិនអាចយកទៅទិញដី នៅតំបន់ផ្សេងបាននោះទេ។ លោកបន្តថា ប្រជាពលរដ្ឋសុទ្ធតែខ្ចីលុយធនាគារ យកមកទិញដីតំបន់នេះ ហើយបើសិនជារាជរដ្ឋាភិបាល សងសំណងមិនសមរម្យបែបនេះ គ្រាន់តែយកទៅសងធនាគារវិញមិនគ្រប់ផង។

លោក សុខុម តារា បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «ខ្ញុំ និងប្រជាពលរដ្ឋផ្សេងទៀត អត់បានទទួលប្រយោជន៍សូម្បីតែបន្តិចលើដីនេះ។ អញ្ចឹងមានតែស្នើសុំឲ្យបងប្អូន ជួយនាំសារនេះទៅអន្តរក្រសួង ដែលគាត់បានកំណត់តម្លៃហ្នឹងថា ខាងខ្ញុំទទួលយកមិនបានទេ។ សូមឲ្យមានការចុះពិនិត្យ និងសិក្សាជាក់ស្តែងថា ធ្វើយ៉ាងម៉េចឲ្យខ្ញុំ និងបងប្អូនផ្សេងទៀតអាចទទួលបាន អាចទៅទិញដីនៅតំបន់ណាផ្សេង ឲ្យបានសមរម្យតាមតម្លៃទីផ្សារ»។

ក្នុងដៃដែលមានបដា «សំណងមិនសមរម្យ», ពលរដ្ឋរូបនេះ បានថ្លែងសង្កត់ធ្ងន់ៗថា «៩៥ដុល្លារ មិនអាចទទួលយកបានទេ មិនអាចទទួលបានជាដាច់ខាត ព្រោះបងប្អូនដឹងហើយ យើងអត់មានលុយច្រើនទេក្នុងការទិញដីនេះ គឺសុទ្ធតែមានប្លង់ធនាគារ (ប្លង់ដីដាក់ខ្ចីលុយ)។ អញ្ចឹងខ្ញុំសុំឲ្យក្រសួងជួយវាយតម្លៃឡើងវិញ»។

ប្រជាពលរដ្ឋមួយរូបទៀតឈ្មោះ តាំង ឡេងឆាយ បានថ្លែងឲ្យដឹងថា អ្នកចុះមកដោះស្រាយបញ្ហានេះ បានប្រាប់ពួកគាត់ថា តម្លៃដែលកំណត់ ៩៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េនេះ អត់មានការប្រែប្រួលទេ ទោះបីចាំដល់ពេលណាក៏ដោយ។ ក្រុមការងារអន្តរក្រសួង ថែមទាំងជំរុញឲ្យប្រជាពលរដ្ឋរងគ្រោះ ផ្តិតមេដៃទទួលសំណង ដោយអះអាងថា បើពួកគាត់យកឥឡូវបានលុយភ្លាម ប៉ុន្តែបើអត់ទេត្រូវទុករាប់ឆ្នាំតទៅទៀត។

លោកបញ្ជាក់ថា «អ្នកដោះស្រាយបញ្ហាហ្នឹង គេសង្កត់ធ្ងន់ថា រដ្ឋមិនប្រែប្រួលតម្លៃហ្នឹងទេ ហើយទុករយៈពេលប៉ុន្មានក៏ដោយ ក៏នៅតែប៉ុណ្ណឹងដែរ អត់មានឡើងចុះ មួយកាក់មួយសេនទេ ហើយបើផ្តិតមេដៃឥឡូវ បានលុយភ្លាមបើអត់ទេ ប៉ុន្មានឆ្នាំក្រោយនៅតែដដែលហ្នឹង អត់មានប្រែប្រួលទេ។ ប្រជាពលរដ្ឋទាំងអស់គ្នា ខំខ្ចីលុយធនាគារដើម្បីទិញដីហ្នឹង ហើយសង្ឈឹមថាសង់ផ្ទះនៅលើហ្នឹង»។

លោក តាំង ឡេងឆាយ បានអះអាងទៀតថា ដីពួកគាត់សុទ្ធតែមានប្លង់រឹង ពោលមិនមែនជាដីដែលទៅបំពានទីតាំងណាមួយ ដើម្បីកាន់កាប់នោះទេ ហើយលោកសង្ឃឹមថា រាជរដ្ឋាភិបាលនឹងមានសំណងសមរម្យសម្រាប់ពួកគាត់ ដែលប៉ះពាល់គម្រោងផ្លូវល្បឿនលឿននេះ ព្រោះការងាររបស់រដ្ឋធ្វើឡើងដើម្បីបម្រើរាស្ត្រ។

លោក ឡេង ធឿន ដែលជាប្រជាពលរដ្ឋរងគ្រោះម្នាក់ បានសាងសង់ផ្ទះទៅហើយនោះ បានបង្ហាញកង្វល់ជាខ្លាំង នៅពេលដែលលឺថា ផ្ទះរបស់ខ្លួននឹងត្រូវវាយកម្ទេចចោល ដើម្បីធ្វើផ្លូវល្បឿនលឿន ស្របពេលសំណងវិញ បែរជាមិនសមរម្យបែបនេះ។ អ្នករត់រថយន្តឈ្នួលរូបនេះ បានបង្ហើបថា ខ្លួនបានដាក់ប្លង់ដីនៅឯស្រុកកំណើត យកទៅខ្ចីលុយធនាគារ ក្នុងគោលបំណងទិញដី និងសង់ផ្ទះរស់នៅជិតៗរាជធានីភ្នំពេញ ដើម្បីងាយស្រួលក្នុងការរកទទួលទាន សម្រាប់ជីវភាពប្រចាំថ្ងៃ។

លោក ឡេង ធឿន បានទទូចដល់រាជរដ្ឋាភិបាលថា «ខ្ញុំសូមសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍រឿងសំណងនេះ ហើយពេលសងសូមសងទាំងផ្ទះ និងដីដំណាលគ្នា ដើម្បីអាចទូរទាត់នឹងធនាគារបាន។ បើសិនគាត់សងតែដីនៅផ្ទះ ក៏បង់ផ្តាច់អត់ទាន់បានដែរ»។

ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ ម៉ី តាំងហ៊ុន ដែលរងគ្រោះទាំងបញ្ហាដីធ្លី និងផ្ទះមួយខ្នងដែរនោះ បានរៀបរាប់ថា ខ្លួនខិតខំធ្វើការរាល់ថ្ងៃ ដើម្បីយកលុយមកសងធនាគារ ដែលបានទិញដីនៅតំបន់នេះ។ ស្ត្រីដែលមានមុខរបរជាកម្មកររោងចក្រ និងមានស្វាមីជាអ្នករត់ម៉ូតូកង់បីរូបនេះ បានប្រាប់ថា ដំណឹងដែលដីខ្លួនត្រូវសងដោយសំណងមិនសមរម្យ គឺជាបញ្ហាមួយទៅហើយ ចំណែកឯសំណងផ្ទះវិញ គឺជាបញ្ហាសំខាន់មួយទៀត ធ្វើឲ្យខ្លួនគេងមិនលក់ឡើយ។

និយាយបណ្តើរចង្អុលទៅផ្ទះរបស់ខ្លួនបណ្តើរ ម៉ី តាំងហ៊ុន បានបញ្ជាក់ថា «កាលពីខ្ញុំទិញដីឡូតិ៍នេះ ជាង១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ តាំងពីអត់ទាន់ចាក់ដី តាំងពីនៅជាដីស្រែម្លេះ។ ហើយខ្ញុំធ្វើផ្ទះនេះ ខ្ចីលុយធនាគារទាំងស្រុងតែម្តង ហើយគាត់ឲ្យ ៩៥ដុល្លារក្នុងមួយម៉ែត្រការ៉េ គឺខាតតែម្តង ពោលគ្រាន់តែបង់ធនាគារគឺអស់តែម្តង»។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ កំពុងដំណើរការសាងសង់សម្រេចបាន ៧ភាគរយហើយ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd៕