កាលពីពេលថ្មីៗនេះ មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្ម Samsung C & T Corporation ដឹកនាំដោយលោក Han Jung Suk តាមរយៈប្រព័ន្ធដេអូពីចម្ងាយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារជំនាញពាក់ព័ន្ធ។
លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ក្នុងជំនួបនោះក្រុមហ៊ុនសាជីវកម្ម Samsung C & T Corporation បានបង្ហាញចំណាប់អារម្មណ៍ លើការវិនិយោគហេដ្ឋាវិស័យរចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។
លោករដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍រាល់ការវិនិយោគគ្រប់ប្រភេទទាំងអស់ ជាពិសេសការវិនិយោគក្នុងភាពជាដៃគូរដ្ឋនិងឯកជន (PPP) និងការវិនិយោគឈរលើគោលការណ៍ កសាង ប្រតិបត្តិ ផ្ទេរ (BOT)។ លោកក៏បានស្នើឱ្យក្រុមហ៊ុនសាជីវកម្ម Samsung C & T Corporation ពិនិត្យលទ្ធភាពវិនិយោគលើការអភិវឌ្ឍផ្លូវល្បឿនលឿន មធ្យោបាយដឹកជញ្ជូនសាធារណៈ (Mass Transit) និងផ្លូវក្រវាត់ក្រុងរាជធានីភ្នំពេញព្រមទាំងកំពង់ផែជាដើម។
នាឱកាសនោះដែរ លោក ឡេង ធនយុទ្ធា ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃគម្រោងសម្រេចបាន គម្រោងកំពុងអនុវត្តបន្ត និងគម្រោងនាពេលអនាគតទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន កំពង់ផែ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀតនៅកម្ពុជា៕