តម្លៃប្រមាណ ៣០៣លានដុល្លារអាមេរិក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា យល់ព្រមឱ្យវិនិយោគគម្រោងចំនួន ២

សង្គម​ និង​សេដ្ឋកិច្ច

កសិដ្ឋានដំណាំចេក និងកែច្នៃវេចខ្ចប់កសិផល និងរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទ ស្នើសុំចុះបញ្ជីវិនិយោគទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីវិនិយោគក្នុងវិស័យកសិកម្ម ដែលមានតម្លៃសរុបប្រមាណ ៣០៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ២,០៥២នាក់ ស្ថិតនៅខេត្តរតនគិរី និងខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ក្រុមហ៊ុន SING HE YI AGRICULTURE CO., LTD គឺវិនិយោគទៅលើការកែច្នៃវេចខ្ចប់កសិផលនិងកសិដ្ឋានដំណាំចេក ហើយបានបោះទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៥២កន្លែង មានទីតាំងស្ថិតនៅភូមិត្រណាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។ ដោយឡែក ក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd. បានស្នើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ២៩៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១.៦០០កន្លែង។

សូមជម្រាបជូនថា ពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីដល់គម្រោងវិនិយោគចំនួន ១០ គម្រោងរួចមកហើយ ដែលវិនិយោគទៅលើពហុវិស័យដូចជា រោងចក្រកាត់ដេរ រោងចក្រកែច្នៃក្តារបន្ទះ រោងចក្រផលិតការ៉ូជ័រ រោងចក្រកែច្នៃនិងវេចខ្ចប់សាច់ និង ផលិតម្ហូបអាហារ រោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា អភិវឌ្ឍន៍វារីអគ្គិសនី រួមនឹងការអភិវឌ្ឍន៍មណ្ឌល ភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា គម្រោងទាំង ១០នោះ ប្រើប្រាស់ទុនវិនិយោគសរុបចំនួនប្រមាណ ៥៩៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណជាង ៥ពាន់កន្លែង៕